ស្វាយរៀង ៖ រសៀលថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
យោងតាមសមត្ថកិច្ចអាវុធហត្ថបានអោយដឹងថា៖នៅវេលាម៉ោង ២២:០០ នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលការងារយុត្តិធម៌បានប្រើវិធានញ៉ុះញង់ឱ្យលក់ដោយខុសច្បាប់នូរសាធាតុញៀនដោយប្រើភ្នាក់ងារធ្វើការទំនាក់ទំនងជាមួយមុខសញ្ញាមេក្លោងជួញដូរគ្រឿងញៀនសកម្មនៅក្រុងបាវិត ។
ប្រភពបានបន្តទៀតថា៖លុះរហូតដល់ម៉ោង ២២:៣០ នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មុខសញ្ញាជួញដូរគ្រឿងញៀនបានបង្ហាញខ្លួននៅចំណុចមុខផ្ទះសំណាក់ ៣៨៨ ស្ថិតនៅភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មុំ វណ្ណា ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិ ថ្នាញ សង្កាត់ បាទី ក្រុង បាវិត ខេត្តស្វាយរៀង រួចធ្វើការឆែកឆេរលើខ្លួនប្រាណរកឃើញ៖
១.ថ្នាំញៀនចំនួន ០៦ កញ្ចប់ (ធំ ០៥កញ្ចប់ ០១ កញ្ចប់ )
២.ទូរសព្ទដៃចំនួន ០១គ្រឿង
៣.ប្រាក់រៀលចំនួន ៤០,០០០៛
៤.ប្រាក់ដុល្លារចំនួន ២០ដុល្លារ
៥.ប្រាក់ដុងចំនួន ១៥០,០០០ដុង
៦.កាបូបដៃចំនួន ០១
៧.កាតវីងចំនួន ០១សន្លឹក
៨.សម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន។
ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ធ្វើការសាកសួររួចឈ្មោះ មុំ វណ្ណា ភេទប្រុស បានសារភាពថា៖ ខ្លួនទិញថ្នាំញៀនពីឈ្មោះ ដូង វាសនា តាមរយៈលេខ ០៩៦ ៨៨៩៥១៨៧ ។
រហូតដល់ម៉ោង ០៧:១០ នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឈ្មោះ មុំ វណ្ណា បានទំនាក់ទំនងឈ្មោះ ដូង វាសនា ដែលជាមេក្លាងនៅចំណុចខាងមុខផ្ទះសំណាក់ស្រែតាឡាក់ ស្ថិតនៅភូមិ ថ្មី សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀងឥក្រោយមក បន្តិចឈ្មោះ ដូង វាសនា ក៏មកដល់កម្លាំងកងរាជអាវុធហត្ថក៏ធ្វើការចាប់ខ្លួន រួចធ្វើការឆែកឆេរលើខ្លួនប្រាណរកឃើញ និងចាប់យកវត្ថុតាង រួមមាន៖
១.ថ្នាំញៀនចំនួន ០២ កញ្ចប់ (ធំ ០១ កញ្ចប់ ០១ កញ្ចប់តូច)
២.ទូរសព្ទចំនួន ០២គ្រឿង
៣.ប្រាក់ដុល្លារចំនួន ១០ដុល្លារ
៤.ប្រាក់រៀលចំនួន ៦០,០០០៛
៥.ប័ណ្ណសមាជិក ប ស ស ០១សន្លឹក។
ឈ្មោះ ដូង វាសនា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការនីតិវិធីច្បាប់៕