ព្រះវិហារៈ កាលពីព្រឹកថ្ងៃ ទី១៦ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរឃុំស្រអែម បានរៀបចំប្រជុំជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន១៣នាក់ ដើម្បីចូលរួមថែរក្សាការពារ ជុំវិញតំបន់អភិរក្សសត្វស្លាប «ប្រភេទសត្វចង្កៀងខ្យង» ដែលរស់នៅក្នុងទំនប់អាងបង្ហៀរទឹកអូស្វាយ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមកិច្ចសហការណ៍ត្រួតពិនិត្យ ដោយឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារ តំណាង ឯកឧត្តម ដួង សំនៀង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រអែម ។ឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារ មានប្រសាសន៍ថា ចំពោះបងប្អូនស្ម័គ្រចិត្តទាំង១៣នាក់ ដែលត្រូវបានការងារជ្រើសរើសយកនេះ មិនមានការបង្ខិតបង្ខំ ដោយបងប្អូនស្ម័គ្រចិត្តចូលរួមនៅក្នុងការថែរក្សា ការពារប្រភេទសត្វស្លាបដ៏កម្រនេះ ឲ្យនៅគង់វង្សជៀសការបរបាញ់ពីសំណាក់ក្រុមមួយចំនួន ។

ឯកឧត្តម ជូ តុងអាន បានធ្វើការបញ្ជាក់ឲ្យដឹងដែរថា៖ បើទោះបីជាការងារដែលពួកគាត់ធ្វើមិនមានប្រាក់បៀវត្ស ឬសប្រាក់សម្រាប់ជួយឧបត្ថម្ភប្រចាំថ្ងៃក៏ដោយ ក៍ប៉ុន្តែបងប្អូននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការ ការពារ ថែរក្សា ស្មោះត្រង់ និងចូលរួមអភិរក្សជាមួយអាជ្ញាធរ។ ដើម្បីឲ្យតំបន់នេះក្លាយទៅជាកន្លែង មួយ ដែលមានសារៈសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្ត នៅក្នុងតំបន់ដែលសត្វស្លាបកំពុងមានវត្តមានរស់នៅជាង២០០ក្បាលផងដែរ ។

ជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនទាំង១៣នាក់ឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំ បានធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នជំនាញពាក់ព័ន្ធ និងអង្គភាពនានា ដែលមានមូលដ្ឋាន នៅជិតតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយ ដែលបច្ចុប្បន្នសត្វស្លាបកំពុងមានការរស់នៅ ត្រូវបញ្ឈប់ការលួចចូលបាញ់សម្លាប់សត្វ រួមនិងឧបករណ៍ផ្សេងៗគ្រប់ប្រភេទ ដែលអាជ្ញាធរបានធ្វើការហាមឃាត់ដែលច្បាប់កំណត់ផងដែរ៕