កីឡដ្ឋានមរតកតេជោ តាមការគ្រោងទុក នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០ ទោះបីបច្ចុប្បន្នកម្ពុជា កំពុងប្រឈមនឹងការរាតត្បាត នៃជំងឺ(កូវីដ-១៩)ក៏ដោយ។
បើតាមការអោយដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការ CAMSOC បានប្រាប់ថា ដំណើរការសាងសង់កីឡដ្ឋានមរតកតេជោ មានការរឹតត្បិតខ្លាំងនិងម៉ត់ចត់បំផុត លើការចេញចូល ទាំងកម្មករ ទាំងថ្នាក់ដឹកនាំ ពោលគឺមិនឲ្យមានការចេញចូលផ្តេសផ្តាសនោះទេ ទាំងការបរិភោគអាហារ ការស្នាក់នៅ ត្រូវស្ថិតនៅកន្លែងធ្វើការជានិច្ច ហើយក៏មិនមាននាំយកកម្មករថ្មីចូលធ្វើការបន្ថែមនោះទេ។ឯកឧត្តម អះអាងថា បើមានកម្មករចិន ឬខ្មែរណាម្នាក់ ចេញពីបរិវេណសាងសង់ដោយគ្មានការអនុញ្ញាត ពួកគេនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ទើបអនុញ្ញាតឲ្យចូលធ្វើការវិញ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាក់ស្តែង កាលពីឱកាសបុណ្យចូលឆ្នាំខ្មែរកន្លងទៅ កម្មករដែលធ្វើការនៅទីនោះ ពុំអនុញ្ញាតឲ្យឈប់សម្រាកនោះទេ ពោលគឺពួកគេបន្តធ្វើការងារដូចធម្មតា។
កីឡដ្ឋានដែលជាជំនួយឥតសំណងរបស់ចិននេះ សាងសង់លើផ្ទៃដី១៦ហិកតា ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់។កីឡដ្ឋាននេះសាងសង់ឡើង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលមាន១១ប្រទេសចូលរួម។
សូមបញ្ជាក់ថា ចំពោះស្ថានភាពជំងឺកូវីដ១៩នៅប្រទេសកម្ពុជា តាមរយះសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតមកដល់ត្រឹមម៉ោង០៧ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ មិនមានករណីជាសះស្បើយនិងមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីឡើយ ចំពោះអ្នកមានវិជ្ជមានវីរុសកូវីដ១៩បានរកឃើញទាំងអស់នៅទូទាំងប្រទេសសរុបចំនួន១២២នាក់ រីឯអ្នកព្យាបាលជាសះស្បើយសរុប១១៩នាក់ ។ខណៈដែលអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សរុបនៅសល់ត្រឹមតែ០៣នាក់ប៉ុណ្ណោះ ៕