ភ្នំពេញ៖ នារីដែលសន្លប់នៅក្រោមបង្គោលភ្លើងនៅផ្លូវ៣០ម៉ែត្រក្នុងសង្កាត់ស្ទឹងមានជ័យ៣ព្រឹកមិញនេះ មិនមែននារីជនជាតិចិនទេ គឺជាជនជាតិចិន ត្រូវបានម៉ូតូកង់បីដឹកយកទៅទំលាក់ចោលក្នុងវត្តឫស្សីសាញ់ ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកវរៈសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមលោកបានឱ្យកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ និងបានហៅរថយន្តពេទ្យមកដឹកនារីខាងលើ ក៏ប៉ុន្តែចាំរថយន្តពេទ្យយូរពេកលោកក៏បានចុះដល់កន្លែងកកើតហេតុបានយករថយន្តសារ៉ែនរបស់កម្លាំងនគរបាលខណ្ឌ លើកនារីខាងលើយកកាន់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០វេលាម៉ោង២ រសៀលនេះ ។ បន្ទាប់ពីក្រុមគ្រូពេទ្យធ្វើការពិនិត្យវាស់កំដៅទៅនារីជនជាតិចិនរូបនេះ មានកំដៅរហូតដល់ជាង៣៨ អង្សារ ទើបក្រុមគ្រូពេទ្យខណ្ឌដង្កោ ដឹកបន្តទៅពេទ្យរុស្សី។
លោកវរៈសេនីយ៍ឯក ជឹម ស៉ីថា អធិការ នគរបាលខណ្ឌដង្កោ បានបន្តទៀតថា នារីជនជាតិចិនខាងលើ បានមកលេងបងប្អូនគាត់នៅភ្នំពេញមួយខែហើយ ក៏ប៉ុន្តែយប់មិញគាត់វង្វេងផ្លូវរកផ្ទះបងប្អូនមិនឃើញ ទើបកើតរឿងបែបនេះ៕