ខេត្តស្វាយរៀង៖ នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០នេះ​ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវគណៈកម្មាធិការសាខា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ចាស់ជរា ១៨ គ្រួសារ ជនពិការ ៩ នាក់ កុមារកំព្រា ១ គ្រួសារ ស្រ្តីមេម៉ាយមានកូនច្រើន ២០ គ្រួសារ ជនចំណាកស្រុក ៥ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ៣ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ២០ គ្រួសារ សរុប ៧៦ គ្រួសារ មកពី ៧ សង្កាត់ ក្នុងក្រុងស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែនសំអន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកជំទាវក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី កូវីដ ១៩ ដោយកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើពិភពលោកផងដែរ​  ចំពោះបងប្អូនដែលទើបមកពីចំណាកស្រុកត្រូវរាយការណ៍ជូនអាជ្ញាធរដែនដីឲ្យបានដឹង ចំពោះបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស​ ត្រូវរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ប្រសិនបើមានអារៈដូចជា ក្តៅខ្លួន ហត់ពិបាកដកដង្ហើម ក្អក ឈឺក្បាល សូមប្រញាប់ទៅជួបគ្រូពេទ្យដែលនៅជិតបំផុត ។

អំណោដែលបានចែកជូនទាំង ៧៦ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង សាប៊ូ ២ ដុំ ក្រម៉ា ១ និងថវិកាចំនួន​ ៤០,០០០ រៀល ។