ភ្នំពេញ៖ កម្លាំងប៉ូលីសប៉ុស្តិ៍ដង្កោ សហការណ៍ជាមួយកម្លាំងផ្នែកប៉ូលិសប្រឆាំងគ្រឿងញៀនខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ខណៈនោះបានទទួលដំណឹងថា មានមនុស្ស១ក្រុមកំពុងស្ថិតនៅជុំគ្នាក្នុងបន្ទប់ផ្ទះជួលមួយកន្លែង។បន្ទាប់មកប៉ូលីសខាងលើក៏បានចុះទៅឃាត់ខ្លួនចំនួន៨នាក់ ខណៈដែលជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពជួញដូរនិង៧នាក់ទៀតជាអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ផ្ទះជួលខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញហើយការចុះបង្រ្កាបនិងចាប់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។
ប៉ូលិសបាននិយាយថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះទី១-ឈ្មោះ ផេង តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ ឆាយ សុវណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២នាក់នេះស្នាក់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ទី៣-ឈ្មោះ ផេង បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទី៤-ឈ្មោះ ជុន ចាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទី៥-ឈ្មោះ ឡេង ស្រីភ័ស្ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទី៦-ឈ្មោះ ផល ស្រីចាន់ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទី៧-ឈ្មោះ ឈៀង ស្រីណាង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៥នាក់នេះស្នាក់នៅក្នុងបន្ទប់ជួលស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ទី៨-ឈ្មោះ ចាន់ ម៉ានុត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ផ្សារដើមគ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តទៀតថា ក្រោយឃាត់ខ្លួនកម្លាំងប៉ូលីសខាងលើបានធ្វើការដកហូតបានវត្ថុតាងមួយចំនួនមានដូចជា ថ្នាំញៀន១កញ្ចប់,ម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1BK-1821 លេខតួនិងលេខម៉ស៊ីន 8006167 ,ទូរស័ព្ទដៃម៉ាកHiya ១គ្រឿង,ទូរស័ព្ទដៃម៉ាកSamsung ១គ្រឿង,ទូរស័ព្ទដៃមិនស្គាល់ម៉ាក ១គ្រឿង,ទុយយោជ័រសម្រាប់ចូកថ្នាំញៀនមួយចំនួន,ដាវកែច្នៃ១។បន្ទាប់មកប៉ូលីសបាននាំពួកគេទៅកាន់អធិការដ្ឋានខណ្ឌដង្កោដើម្បីសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់៕