យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៩.១៤០ ស្ថិតក្នុងភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយអ្នកបើកបររថយន្តមិនស្គាល់ម៉ាក១គ្រឿង(គេចបាត់) នៅគ្រាដែលកំពុងធ្វើណើរស្របទិសគ្នា(លិចកើត) បានជ្រុលបុកអ្នកជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខ បណ្ដាលឲ្យស្រ្តីបើកបរម៉ូតូស្លាប់ភ្លាមៗ និងស្រ្តីរួមដំណើររងរបួសធ្ងន់ ។
របាយការណ៍នគរបាលខាងលើបន្តថា លុះរសៀលថ្ងៃទី២២ ខែឆ្នាំដដែលនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ដដែល ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៤.១៧៥ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងម្ដងទៀត ដែលបង្កឡើងដោយអ្នកបើកបររថយន្តមិនស្គាល់ម៉ាក១គ្រឿង(គេចបាត់) បានកៀរ និងកិនអ្នកជិះម៉ូតូមិនប្រកាន់ស្ដាំ(ច្រាស់)ទិសគ្នា បណ្ដាលឲ្យនារីវ័យក្មេងជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ និងបុរសរួមដំណើររងរបួសស្រាល ។
របាយការណ៍នគរបាលដដែលបន្តទៀតថា ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ករណីគ្រោះថ្នាក់ចរាចរណ៍ពីផ្សេងគ្នា ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសធ្ងន់ស្រាលខាងលើ វត្ថុតាងម៉ូតូ និងសពធ្វើកំណត់ហេតុប្រគល់ទទួល ជូនក្រុមគ្រួសារសាច់ញាតិដើម្បីចាត់ចែង ៕
បុឹម ពិន