ភ្នំពេញ៖ បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូធុនធំយ៉ាងលឿនដូចហោះទៅបុកនឹងរង្វង់មូលនាងនាគ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃច័ន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ត្រង់ចំណុចគល់ស្ពានព្រែកសំរោង តាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងភូមិ ចំពូក្អែក សង្កាត់ព្រែកថ្មី  ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

រងគ្រោះដែលស្លាប់មានឈ្មោះ ផា នុន ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរ ធ្វើការនៅរោងចក្រទឹកកក នៅម្តុំគៀនស្វាយ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅភូមិ កគរ ឃុំកំពង់ពិល ស្រុកពារាំង ខេត្តព្រៃវែង ។      ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ជា ដារ៉ូ  ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តដឹកទឹកកក ស្នាក់នៅកន្លែងធ្វើការដូចគ្នា មានស្រុកកំណើតនៅភូមិព្រែកតាសរ ស្រុកពោរៀង ខេត្ត ព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញបុរស ២នាក់ជិះម៉ូតូ ធុនធំមួយគ្រឿងម៉ាកយ៉ាម៉ាហា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-1688 ធ្វេីដំណេីរយ៉ាងលឿនតាមបណ្ដោយផ្លូវថៃហ្គ័រទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើដោយកន្លែងចំណុចផ្លូវកោងមាន រង្វង់មូលគាត់មិនបានបន្ថយល្បឿននោះទេ ហើយកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុករង្វង់មូលនាងនាគ ហោះឡើងលើខឿនថ្មបណ្ដាលឲ្យបុរសម្នាក់បែកមុខស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់ ភ្លាមៗមានរថយន្តសង្គ្រោះបង្អែក ច្បារអំពៅមកដឹកយកទៅសង្គ្រោះជីវិតផងដែរ ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់វាស់វែងយក ម៉ូតូទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕