ខេត្តប៉ៃលិន ៖ ដោយយោងតាមអនុក្រឹត្យចុះកាលពីថ្ងៃទី19 ខែមិថុនា ឆ្នាំ2017 ស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិភ្នំយ៉ាត រហូតមកដល់ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរដ្ឋបាលសាលាខេត្ត សហការជាមួយនឹងមន្ទីរបរិស្ថានខេត្ត ចុះបោះង្គោលព្រំ តំបន់បេតិកភណ្ឌធម្មជាតិភ្នំយ៉ាត បានចំនួន១៦ដើម ។
បើយោងតាមរបាយការណ៍របស់លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងកាលពីព្រឹកថ្ងៃទី០៧ មេសា ២០២០ ថា កម្មវិធីបោះបង្គោលព្រំ បេតិកភណ្ឌធម្មជាតិនេះ គឺជាការចាប់ ផ្ដើមឡើងលើកដំបូង ដោយធ្វើការបោះបង្គោល បានទើបតែចំនួន16ដើម (ចំណុច)ប៉ុណ្ណោះ ក្មុងចំណោម47ចំណុច នៃអនុក្រឹត្យដែលបានចុះកន្លងមក ស្តីពីការង្កើតតំបន់បេតិកភណ្ឌធម្មជាតិភ្នំយ៉ាត ។

លោកបន្តទៀតថា ភ្នំយ៉ាត គឺជាភ្នំធម្មជាតិ និងប្រវត្តិសាស្ត្រ ដ៍កម្រមួយរបស់កម្ពុជា ដែលមិនអាចកាត់ថ្លៃបាន ដោយដីភ្នំជាដីសុវណ្ណភូមិ លើកមុខមាត់ និងកិត្តិយស ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ។ លោកបញ្ជាក់ថា បេតិកភណ្ឌទាំងនេះ មានដូចជា ប្រាសាទ៨ទិស ចេតិយព្រអង្គចូឡាមនី ព្រះវិហារវត្តភ្នំយ៉ាត រូបសំណាកព្រះអង្គ អភយមុទ្រា រូបសណាកលោក យាយយ៉ាត និងលេនដ្ឋាន (ត្រង់សេ) មួយកន្លែងដែលគេប្រើកាលពីសម័យសង្គ្រាម ។ ម្យ៉ាងវិញទៀត បេតិកភណ្ឌធម្មជាតិនេះ ជាទីជម្រករបស់សត្វ និងរុក្ខជាតិ ដោយភ្នំយ៉ាតស្ថិតនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តឱ្យក្រសួងបរិស្ថាន រៀបចំបង្កើតភ្នំនេះទៅជា "តំបន់បេតិកភណ្ឌធម្មជាតិភ្នំយ៉ាត" ដែលមានផ្ទៃដីសរុបចំនួន៣២ហិកតា សម្រាប់ទុកជាកេរ្តិ៍មរតក ដល់មនុស្សជំនាន់ក្រោយៗ ហើយក៍ធ្លាប់មានជនជាតិដើមភាគតិច "កូឡា" រស់នៅក្បែរនេះកាលពីពេលកន្លងមក វាក៍ជាភ្នំប្រវត្តិសាស្ត្រ និងពូកែសក្តិសិទ្ធខ្លាំងណាស់ដែរ ៕