ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី និងត្រៀមឡើងតួរនាទីជានាយរងប៉ុស្តិ៍នគរបាលទឹកថ្លា បានតាមបាញ់អតីតប្រពន្ធរបស់ខ្លួនខណៈជិះរថយន្តជាមួយបុរសម្នាក់ ការផ្ទុះអាវុធនេះចំនួន៤គ្រាប់តែ៣គ្រាប់ដំបូងមិនផ្ទុះនោះទេ គ្រាប់ទី៤ទើបផ្ទុះចំមុខកូនស្រីអាយុប្រហែល៦ឆ្នាំដែលអង្គុយនៅខាងមុខជាម្តាយ ត្រូវចំទ្រូងស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ រីឯកូនស្រីកំពុងសង្គ្រោះ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ២០និង០០នាទីយប់ ថ្ងៃទី ៦ មេសា ២០២០ លើផ្លូវ១៩៨៦ មុខមន្ទីរពេទ្យសែន(IU) ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមសម្តីរបស់ បុរសម្នាក់ដែលជាអ្នក បើករថយន្តដឹកស្ត្រីរងគ្រោះជាមួយកូនៗរបស់ស្ត្រីរងគ្រោះបានបញ្ជាក់ថា នៅមុនកើតហេតុនៅ រូបលោកបានបើករថយន្ត ដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ ក្នុងបំណងទៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យប៉ុន្តែពេលមកដល់កន្លែងកើតហេតុមុខមន្ទីរពេទ្យសែនសុខ ក៏ត្រូវបុរសជាអតីតស្វាមី ឈ្មោះ ជា ចាន់បូរ៉ា ជាមន្ត្រីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ពាក់សក្កិ៣ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក តាមពីក្រោយ រួចកាក់រថយន្តអោយឈប់ នឹងអោយបើកកញ្ចក់ខាងអ្នកបើកបរ រួចបាញ់សំដៅរថយន្តចំនួន៤គ្រាប់ ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ស្ត្រីជាប្រពន្ធបានស្លាប់ ខណៈកូនម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះ និងអតីតស្វាមីបានលេងលះគ្នាមួយរយៈពេលមកហើយ។

ទោះយ៉ាងណាក៏ដោយ មិនទាន់មានប្រភពច្បាស់ការណាមួុយ ឬក៏ចខាង សមត្ថកិច្ចមូលដ្ឋាន ក៏មិនអាចបញ្ជាក់ថាករណីនេះ ផ្តើមចេញពីមូលហេតុអ្វីដែលនាំឲ្យមានការផ្ទុះការបាញ់ប្រហារនេះនៅឡើយទេ ប៉ុន្តែត្រូវបានគេដាក់ការសន្និដ្ឋានជំហ៊ានដំបូងថា ជាករណីភ្លើងប្រច័ណ្ឌ៕