ខេត្តស្វាយរៀង៖ដោយមើលឃើញពីជីវភាពលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំគ្រួស និងរំលែកទុក្ខលំបាករបស់ពលរដ្ឋស្របតាមគោលនយោបាយរបស់រជរដ្ឋាភិបាលកម្ពុជានោះ ឯកឧត្តម អុឹម សារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំគ្រួសក្រុមប្រឹក្សាឃុំលោកមេឃុំលោកមេភូមិចុះជួបសំណេះសំណាល និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋចាស់ជរាទីទ័លក្រខ្វះខាតចំនួន៥៥គ្រួសារនៅក្នុងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០២០នេះ។
ក្នុងនាម ឧត្តមសេនីយ៍ឯក អុឹម សារ៉ា ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់ ឯកឧត្តម ចៅ ភិរុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយជ្រំជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងឃុំគ្រួសផងដែរ។
ឯកឧត្តម អុឹម សារ៉ា បានមានប្រសាសន៍លើកឡើងថា៖សូមអោយបងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ និងបង្ការ ជំងឺcovid-19ដោយធ្វើអនាម័យជាប្រចាំ គឺថែរក្សាសុខភាពជាចំបង និងត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុល រឺជែលជៀសវាងការចាប់រលាក់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ ក្នុងទីប្រជុំជន និងរក្សាគម្លាត២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព មន្ទីរពេទ្យរឺខលទៅលេខទូរសព្ទ័១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ និងមិនត្រូវទៅស្វែងរកទៅសេវាព្យាបាលនៅគ្លីនិចឯកជនដែលពុំមានច្បាប់អនុញ្ញាតនោះទេ។
អាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុក ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋានជាពិសេសពលរដ្ឋដែលវិលត្រលប់មកពីក្រៅប្រទេស និងត្រូវរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ស្រុក ខេត្តជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពី វិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់តាមវិធានការ របស់ក្រសួងសុខាភិបាលបានចេញ។
អំណោយរបស់ ឯកឧត្តម អុឹម សារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំគ្រួសចែកជូនដល់ប្រជាពលរដ្ឋចាស់ជរាទីទ័លក្រខ្វះខាត ទាំង៥៥គ្រួសារក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូ សាប៊ូមួយកញ្ចប់ ត្រីខមួយឡូ ក្រម៉ាខ្មែរថែសុខភាពមួយ ម៉ាស់ ៦បន្ទះ និងថវិកា ចំនួន១០,០០០រៀលផងដែរ៕