បើតាមប្រភពព័ត៌មានពីម្ចាស់រមណីយដ្ឋានចម្ការខ្នុរ ឈ្មោះ មួន យ៉ត ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធ ឈ្មោះ ទិត្យ ផល្លា អាយុ៥៣ឆ្នាំ រស់នៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា ដោយសារតែ ការផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ហៅកូវីដ១៩ ទើបកាលពីខែមីនា ឆ្នាំ២០២០ ខាងលោកបានបិទទ្វារមិន ឱ្យភ្ញៀវចូលលេងនោះទេ ព្រោះខ្លាចឆ្លងជម្ងឺពីភ្ញៀវម្នាក់ទៅម្នាក់ទៀត ព្រមទាំងឆ្លងទៅដល់ខាងលោក ទើបបង្ខំចិត្ត ផ្អាកការលក់ដូរ ដោយបិទទ្វារជាបណ្តោះអាសន្ន ។ លោកបន្តទៀតថា ប៉ុន្តែ ក្រោយពីមានសារាចរណ៍ណែនាំ ឱ្យប្រជាពលរដ្ឋចេញចូលឆ្លងពីខេត្តមួយទៅខេត្តមួយទៀតបាន ទើបខាងលោកក៏បើកឱ្យភ្ញៀវនាំគ្នាចូលលេងយ៉ាងសប្បាយ ដោយភាគច្រើន គឺភ្ញៀវទេសចរមកពីខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ និងរាជធានីភ្នំពេញ ។ ម្យ៉ាងវិញទៀត ប៉ះចំថ្ងៃចុងសប្តាហ៍ ខណ:ពួកគាត់អត់បានដើរលេង នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទើបនាំគ្នា ធ្វើដំណើរទៅកំសាន្តលេងខេត្តប៉ៃលិន ក្នុងរមណីយដ្ឋានរបស់គាត់តែម្តង ។ លោកបញ្ជាក់ថា នៅក្នុងរមណីយដ្ឋាននេះ ម្ហូបអាហារមិនលក់ លើសពីមុនឡើយ ដោយត្រីដុត សាច់មាន់ សាច់ទា សាច់គោ ជាដើម គឺលក់ឱ្យភ្ញៀវនៅក្នុងតម្លៃថេរដដែល ហើយក៏មានពោងសម្រាប់ជួលឱ្យភ្ញៀវហែលទឹកលេងថែមទៀត មានកង់រថយន្តជិះបណ្តែតទឹក និងកូនទូកជ័រផងដែរ ។
លើសពីនេះ ក៏មានស្ពានឆ្លងទឹក អាចឱ្យភ្ញៀវដើរទៅអង្គុយលេងកំសាន្តនៅត្រើយម្ខាង អមដោយផ្កាភ្ញីចម្រុះពណ៌ ដែលម្ចាស់ដាក់ដាំជាប់នឹងចំហៀងស្ពាន ។ គេក៏ឃើញភ្ញៀវខ្លះ ដាក់កូនធុង បាសយកទៅចាក់រាំកំសាន្តជាមួយមិត្តភក្តិ និងរាំលេងកំសាន្តសប្បាយនៅក្បែរៗ មាត់ស្ទឹង រហូតដល់ពេលល្ងាច ទើបនាំគ្នាបើកបររថយន្តត្រឡប់ទៅផ្ទះវិញរៀងៗ ខ្លួន ។
បើតាមសម្តីភ្ញៀវទេសចរម្នាក់ ឈ្មោះ ចន្តា ភេទប្រុស អាយុ៣៥ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ បានរៀបរាប់ឱ្យដឹងដែរថា ក្រោយពេលបុណ្យចូលឆ្នាំខ្មែរ ត្រូវបានផ្អាក និងបិទផ្លូវ លុះពេលបើកវិញ គាត់ក៏បានបបួលនាំបងប្អូន ដើម្បីបើកបររថយន្តចូលទៅលេងកំសាន្តក្នុងរមណីយដ្ឋានចំកា រខ្នុរ ព្រោះនៅជិតមាត់ស្ទឹង បង្កលក្ខណ:ងាយស្រួលចុះងូតទឹក ទាំងប្រពន្ធកូនចៅ ធ្វើឱ្យត្រជាក់ស្រស់ស្រាយសប្បាយចិត្ត បំបាត់នូវក្តីទុក្ខកង្វល់ ។ ចំណែកអ្នកខ្លះទៀត ទិញគ្រឿងភេសជ្ជ:នាំគ្នាជួលខ្យុស១ខ្នង តម្លៃ១៥០០០រៀល អង្គុយលេងផឹកស៊ីអរសប្បាយ តែក៏មានការពាក់ម៉ាស និងលា ងសម្អាតដៃមុននឹងចាប់កាន់របស់ទាំងនោះ ៕
ដោយ ៖ នីយ៉ា