ព្រះវិហារៈ នៅព្រឹកថ្ងៃ ទី១៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្ត រួមនិងឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងអង្គភាពពាក់ព័ន្ធ លោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុករវៀង បាននិងក្រុមការងារបានចុះត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុករវៀងខេត្តព្រះវិហារ និងស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីរឹតបន្តឹងបទបញ្ជាលេខ០២ ប.ប របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ឯកឧត្តម អភិបាលខេត្តក៏បានដឹកនាំក្រុមការងារចុះពិនិត្យមើលអណ្តូងទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
ហើយអណ្តូងទឹកស្អាតដែលបានប្រគល់ជូននៅពេលនេះ គឺមានចំនួន០៥អណ្តូង សម្រាប់ស្រុករវៀងផងដែរ។ឯកឧត្តម ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តព្រះវិហារ បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុកក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង។ ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំដល់កងកម្លាំងដែលកំពុងត្រួតពិនិត្យនៅចំណុចព្រំប្រទល់ និងគ្រូពេទ្យនៅមណ្ឌលសុខភាពភ្នំដែក ត្រូវខិតខំបំពេញការងារតាមបទបញ្ជាលេខ០២ ប.ប របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងទប់ស្កាត់ នៃការរីករាលដាលជម្ងឺកូវីដ-១៩ ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដើម្បីធានាបាននូវភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋយើង។
ដោយមើលឃើញនូវការខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋាន រួមនឹងកងកម្លាំងយើង ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម ឡុង សុវណ្ណ បានឧបត្ថម្ភនូវសម្ភារៈ និងថវិកាមួយចំនួនដល់មណ្ឌលសុខភាពភ្នំដែក និងកងកម្លាំងព្រំប្រទល់ ព្រះវិហារ-កំពង់ធំ ដែលកំពុងអនុវត្តបទបញ្ជាលេខ០២ ប.ប របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកជួយសម្រួលក្នុងការអនុវត្តន៍ការងារនេះឲ្យទទួលបានលទ្ធផលល្អប្រសើរ៕