ខេត្តប៉ៃលិន ៖ ក្រោយទទួលបាននូវបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស ផ្អាកការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ ដោយគិតចាប់ពីវេលាម៉ោង២៤ និង០០នាទីថ្ងៃទី០៩-ម៉ោង២៤ និង០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ទើបបើកដំណើរការឡើវិញ ។ ដូច្នេះ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តប៉ៃលិន បានដាក់ពង្រាយនៅតាមគោលដៅនានាក្នុងខេត្ត ជាប់នឹងខេត្តបាត់ដំបង ដើម្បីដាក់ប៉ុស្តិ៍យាមកាម ត្រួតពិនិត្យ និងហាមឃាត់មិនឱ្យធ្វើចរាចរចេញចូល លើកលែងតែមានធុរៈចាំបាច់បំផុត ដូចជាត្រូវបញ្ជូនអ្នកជម្ងឺធ្ងន់ធ្ងរជាដើម ។
បើតាមប្រភពព័ត៍មានពីលោក ផាន់ ចាន់វណ្ណារ៉ា ស្នងការរងទទួលផែនបង្ការបង្ក្រាបបានឱ្យដឹងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី១០ មេសា ២០២០ នេះថា ខាងលោកបានដឹកនាំកម្លាំងមន្ត្រីសមត្ថកិច្ចចម្រុះទាំង៣ប្រភេទ ចុះតាមគោលដៅចំនួន៥កន្លែងគឺ ៖
ទី១. ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ជាប់ព្រំប្រទល់ខេត្តបាត់ដំបង ក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ទី២. ស្ថិតនៅជាប់ព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ទី៣. ស្ថិតនៅជាប់ព្រំប្រទល់ ស្រុកកំរៀង ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទី៤. នៅជាប់នឹងស្រុកបរវេល ក្នុងភូមិដីស ឃុំស្ទឹង ត្រង់ ស្រុកសាលាក្រៅ និងទី៥. ស្ថិតនៅភូមិអរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
លោកបន្តទៀតថា ចាប់ពីទទួលបាននូវបទបញ្ជា គឺសមត្ថកិច្ចទាំងអស់ ធ្វើការចាំយាម ២៤/២៤ម៉ោង ដោយដាក់វេណឆ្លាស់គ្នា ។ ចំពោះពលរដ្ឋរស់នៅខេត្តផ្សេង មិនអាចឆ្លងដែនចូលមកក្នុងខេត្តប៉ៃលិនបានឡើយ លើកលែងតែរថយន្តដឹកទំនិញដោយអនុញ្ញាតឱ្យត្រឹមតែអ្នកបើកបរ និងព្រូប៉ុណ្ណោះ ក៍មានការត្រួតពិនិត្យកំដៅផងដែរ ។ បើសិនជាពលរដ្ឋនោះ ជាអ្នករស់នៅក្នុងខេត្តប៉ៃលិនប្រាកដមែន ដោយជាប់គាំងនៅត្រឹមព្រំដែនខេត្តបាត់ដំបង ខាងលោក និងពិនិត្យមើលអត្តសញ្ញាប័ណ្ណ បើឃើញច្បាស់មែន អាចបើកឱ្យចូលបាន ក៍ត្រូវពិនិត្យកំដៅ និងស្រង់អាស័យដ្ឋាន ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីតាមដានអាការ:ខ្លួនអ្នកនោះដែរ ។ លើសពីនេះ បើមានអ្នកជម្ងឺណាធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្រ្គោះនៅខេត្តបាត់ដំបង គឺមិនមានការហាមឃាត់នោះទេ ដោយធ្វើបែបនេះរហូតដល់ថ្ងៃកំណត់ទើបបើកឱ្យដំណើរការធម្មតាឡើងវិញ ៕