ព្រះមេគណខេត្តស្វាយរៀង ព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះអនុគណក្រុង-ស្រុក មន្ត្រីសង្ឃក្រុង-ស្រុក និងព្រះគ្រូចៅអធិការវត្តទូទាំងខេត្តស្វាយរៀងបានផ្តល់អង្ករ១តោនសម្ភារះប្រើប្រាស់ និងថវិកាចំនួន ៧.០០០.០០០រៀល (ប្រាំពីលានរៀល) ជូនដល់រដ្ឋបាលខេត្តសម្រាប់ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលយកអំណោយរួមមាន៖អង្ករ១តោន,ខ្នើយ៦៥,ភួយ៤៨,ចានស្រាក់២១,កន្ទេល៧៧, មុង៤៩,កំសៀវ៣៩,បំបង់ទឹកក្តៅ២០,ចានដែក(កាធុន)៣០,ទឹកត្រី ទឹកស៊ីអ៊ីវ១២យួរ,មី១៨កេស, ឆ្នាំងខ្ទះ២០,ឆ្នាំងតូចធំ៦២,ស្បែងជើង១៧គូ,ចង្ក្រាន្តហ្គាស២៦,ធុងទឹកកក៣៤ និងថវិកាចំនួន ៧.០០០.០០០រៀល (ប្រាំពីលានរៀល) ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង ព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះអនុគណក្រុង-ស្រុក មន្ត្រីសង្ឃក្រុង-ស្រុក និងព្រះគ្រូចៅអធិការវត្តទូទាំងខេត្តស្វាយរៀង បានផ្ដល់ជូនដល់រដ្ឋបាលខេត្តសម្រាប់ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវអំណរព្រះគុណ និងកោតសរសើរចំពោះ ទឹកព្រះទ័យរបស់ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ បានចូលរួមជាមួយរដ្ឋបាលខេត្ត សម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលសបញ្ជាក់ឱ្យឃើញនូវកាយវិការមួយប្រកប ដោយសប្បុរសធម៌ និងមិនអាចខ្វះបានចំពោះការរួមចំណែកទៅលើវិស័យពុទ្ធចក្រចូលរួមជាមួយវិស័យអាណាចក្រក្នុងកិច្ចការដោះស្រាយបញ្ហាសង្គម ហើយអំណោយដែលបានផ្ដល់ជូននៅថ្ងៃនេះ រដ្ឋបាលខេត្តនឹងយកទៅ ចាត់ចែងក្នុងគោលដៅបម្រើឲ្យសកម្មភាពនានា ទាំងការងារផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការងារសង្គមដូចជា ជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋានក្នុងខេត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោនាយករដ្ឋមន្ត្រី សម្តេចតែងតែបញ្ជាក់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ ។
ជាមួយនិងការថ្លែងអំណរព្រះគុណនូវទឹកព្រះទ័យដ៏សប្បុរសនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបង្ហាញនូវសេចក្ដីសង្ឃឹមជឿជាក់ថា ព្រះមេគណខេត្ត ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងទីអារាមក្នុងខេត្តទាំងអស់ នឹងបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកធ្វើឲ្យកិច្ចការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង កាន់តែទទួលបានជោគជ័យ និងទប់ស្កាត់បានជាបន្តទៀតមិនឲ្យមានប្រជាពលរដ្ឋឆ្លងនូវជំងឺរាតត្បាត ដ៏កាចសាហាវមួយនេះ ៕