ភ្នំពេញ ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងនគរបាលមូលដ្ឋាន អាជ្ញាធរខណ្ឌ ក្រោមការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបចាប់ដកហូត អាល់កុលក្លែងក្លាយចំនួន៤០១កាន ស្មើនឹង១២០៣០លីត្រ។
ការចុះបង្រ្កាបនេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខA23 ផ្លូវP4 ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។
តាមសមត្ថកិច្ចជំនាញ បានឲ្យដឹងថា អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន១២០៣០លីត្រ ដែលឈ្មួញ លួចស្តុកទុកសម្រាប់ចែកចាយដោយខុសច្បាប់ ហើយក្រោយពីកម្លាំងជំនាញ ស្រាវជ្រាវ រហូតដល់ចុះបង្ក្រាប និងដកហូតនាល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ នៅទីតាំងខាងលើ ។
តាមការឲ្យដឹងពីមន្ត្រីជំនាញរបស់នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ទាំងនេះជា មេតាណុល ជាសារធាតុពុល ប៉ះពាល់សុខភាព ដល់អ្នកយកទៅប្រើប្រាស់ វាមិនមែនជាអាល់កុលទេ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបង្ក្រាបចាប់បានអាល់កុលក្លែងក្លាយទាំងនេះ ត្រូវបានរឹបអុស យកទៅរក្សាទុកនៅនាយកដ្ឋាន ចំណែកម្ចាស់ទីតាំងមិនមានវត្តមានទីនោះឡើយ មានតែអ្នកតំណាងមើលការខុសត្រូវផ្ទះខាងលើ បុរសម្នាក់ត្រូវបានឃាត់ខ្លួននាំទៅសាកសួរផងដែរ ៕