ខេត្តប៉ៃលិន ៖ បន្ទាប់ពីសង្កេតឃើញ អាជីវករមួយចំនួន វេចខ្ចប់សំរាមមិនបានល្អ បង្កឱ្យមានការរាយប៉ាយ និង លាងសម្អាតកន្លែងលក់ដូររបស់ខ្លួន ដោយបង្ហូរលើទឹកកក្វក់ ដាក់លើផ្លូវសា ធារណ: បណ្តាលឱ្យទឹកស្អុយ ហូរជះក្លិន ប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ទើបអាជ្ញាធរក្រុងប៉ៃលិន ដឹកនាំដោយលោក ស៊ុន យី អភិបាលក្រុង កោះហៅអាជីវករទាំង៤៧នាក់ ក្នុងចំណោ មជាង៥០នាក់ ដែលលក់ដូរនៅក្បែរសួនកុមារ ទល់មុខសាលាខេត្ត ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មកអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ល្អ និងមានរបៀបរៀបរយផងដែរ ។
ហេតុការណ៍អាជ្ញាធរក្រុងប៉ៃលិនកោះហៅអាជីវករលក់ដូរនៅក្បែរសួនកុមារ ទល់មុខសា លាខេត្ត ទៅអប់រំណែនាំនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្នុងសាលាក្រុងប៉ៃលិន ។ បើតាមប្រសាសន៍របស់លោក ស៊ុន យី អភិបាលក្រុង បានណែនាំដល់អាជីវករទាំងអស់ឱ្យដឹងថា ដោយសារតែអាជីវករមួយចំនួន មានការលាងចាន ឆ្នាំង និងសម្ភារ: របស់ខ្លួនបង្ហូរទឹកនៅលើផ្លូវសាធារណ: ធ្វើឱ្យមានក្លិនស្អុយប៉ះពាល់ដល់អ្នករស់នៅក្បែរៗ នោះ និងអ្នកខ្លះទៀតធ្វើឱ្យប្រ ឡាក់ដល់ខឿនសួនកុមារ ទើបខាងលោកហៅឱ្យពួកគេចូលរួមប្រជុំ ដោយត្រូវចេះសម្អាតកន្លែងរៀងៗខ្លួន និងត្រូវេចខ្ចប់កាកសំណល់ ឱ្យបានល្អ រួចដាក់ក្នុងធុងសំរាម ដើម្បីជៀសវាងបង្កក្លិនស្អុយ ប៉ះពាល់ដល់អ្នកជិតខាង ។ លោកបន្តទៀតថា អាជីវករទាំងអស់ ត្រូវចាត់ទុកកន្លែងលក់ដូរ ជាផ្ទះសម្បែងរបស់ខ្លួន ពោលគឺធ្វើយ៉ាងណា ឱ្យបានស្អាតល្អ រក្សាអនាម័យ កុំឱ្យប៉ះពាល់ដល់បរិស្ថាន និងនាំឱ្យខូចដល់សោភ័ណភាពក្រុងប៉ៃលិននោះឡើយ ។
ម្យ៉ាងវិញទៀត ការលក់ដូរ នំចំណី សូមឱ្យអាជីវករទាំងអស់ រក្សាអនាម័យ ដើម្បីពេលភ្ញៀវទិញយកទៅទទួលទាន កុំឱ្យរាករុស ក្លាយទៅជាជម្ងឺផ្សេងៗ ជាដើម ។ ម្យ៉ាងវិញទៀត បើសិនជា អាជីវករខ្លួនឯងមិនចេះអនាម័យល្អទេ នោះគ្មានអតិថិជនណា គេចូលទៅទិញបន្តទៀតនោះឡើយ បើសិនជាគេដឹង ។ លោកក៏សំណូមពរ ឱ្យអាជីវករទាំងអស់ ជួយគ្នាបោសសម្អាតទីធ្លាសួនកុមារឱ្យបានល្អ មិនត្រូវប្រកាន់គ្នាឡើយ គឺត្រូវជួយគ្នាទៅវិញទៅមក ដើម្បីឱ្យសួនកុមារយើងក្លាយទៅជាក ន្លែងល្អ ទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យចូលមកលេងខេត្តប៉ៃលិនកាន់តែច្រើនឡើងផងដែរ ។
លោកអភិបាលក្រុងក៏បានក្រើនរំលឹកដែរថា បើសិនជាអាជីវករមិនព្រមស្តាប់តាមការណែនាំ របស់អាជ្ញាធរទេ នឹងហៅមកណែនាំម្តងទៅ២ដងទៀត ហើយបើមិនព្រមស្តាប់តាមទៀត នឹងធ្វើការបញ្ឈប់លែងឱ្យលក់ដូរតែម្តង ។ ដូច្នេះ សូមឱ្យអាជីវករ ដែលបានចូលរួមប្រជុំ ត្រូវផ្សព្វផ្សាយដល់អ្នកដទៃទៀតដែលមិនបានមក ឱ្យបានដឹង ដើម្បីរួមគ្នាទប់ស្កាត់ការបោះចោលសម្រាមពាសវាលពាសកាល ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន ៕