ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលកំពុងតែដាំដំឡូងមី ក្នុងចម្ការឱ្យគេ ស្រាប់តែមានភ្លៀង លាយដោយខ្យល់ និងផ្គរលាន់ បង្កជារន្ទះបាញ់ស្លាប់តែម្តង ។

ហេតុការណ៍រន្ទះបាញ់ស្ត្រីរងគ្រោះស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង៥ និង៣៥ នាទីល្ងាច ថ្ងៃចន្ទ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅចំណុចអូរក្របៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានពីនគរបាល បានឱ្យដឹងថា ស្ត្រីរងគ្រោះមាន ឈ្មោះ ភួង ឆាលី អាយុ១៩ឆ្នាំ មានទីលំនៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានមកខេត្តប៉ៃលិន ធ្វើការស៊ីឈ្នួលដាំដំឡូងឱ្យថៅកែម្នាក់ ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ ជាមួយនឹងក្រុមគ្រួសារបានមកស៊ីឈ្នួល ដាំដំឡូង នៅចំការថៅកែម្នាក់ តាំងពីព្រឹករហូតថ្ងៃត្រង់ ក៍នាំគ្នាសម្រាកហូបបាយ លុះពេលរសៀលពួកគេនាំគ្នាបន្តធ្វើការ រហូតដល់ពេលល្ងាច ស្រាប់តែផ្ទៃមេឃខ្មៅអួរអាប់ក៍មានភ្លៀងរលឹមស្រិចៗ លាយដោយខ្យល់ និងផ្គរលាន់ ហើយបង្កទៅជារន្ទះបាញ់ចំស្រ្តីរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗ ខណៈពេលនាងកំពុងដាំដំឡូងមី ក្បែរៗមិត្តភក្តិ ។

បច្ចុប្បន្ន សពស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕