ក្នុងខណៈពេលប្រជាជនទូទាំងពិភពលោក បានកំពុងរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ យុវជនអាស៊ានទាំង ១០ ប្រទេស បានបង្ហាញខ្លួនបកស្រាយចម្រៀងថ្មីមួយបទរូមគ្នា ក្រោមចំណងជើងថា We Are Unity មានន័យជាភាសាខ្មែរថា យើងរួមគ្នាតែមួយ។




នៅក្នុងនោះ ក៏មានវត្តមានតារាចម្រៀងតំណាងកម្ពុជាគឺលោក សាយ ម្នាក់ផងដែរ ដែលបានចូលរួមជាមួយនឹងយុវជនអាស៊ានដទៃទៀត ចែករំលែក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូបនៅផ្ទះ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ តាមរយៈបទចម្រៀងមួយបទនេះ។ វីដេអូចម្រៀងដ៏មានអត្ថន័យនេះ លោក Art Thomya ផលិតករនៃកម្មវិធីលើកកម្ពស់អាស៊ាន-Hey Asean Program បានបញ្ជាក់ប្រាប់ថាជាការផលិតឡើងក្នុងគោលបំណង លើកកម្ពស់មិត្តភាពបណ្ដាប្រទេសអាស៊ាន នៅក្នុងដំណាក់កាលដែលបងប្អូនប្រជាជនកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺ COVID19 ក្នុងស្មារតីអាស៊ានរួមសុខរួមទុក្ខ និងសាមគ្គីភាពជាអាស៊ានតែមួយ។




ចំណែកលោក សាយ តារាចម្រៀងតំណាងកម្ពុជា បាននិយាយថាចម្រៀងមួយបទនេះ បានប្រើភាសានៃប្រទេសនីមួយៗដោយនិយាយពាក្យថា នៅផ្ទះ ឬភាសាអង់គ្លេសថា Stay homeនិងបានថតវីដេអូចម្រៀង និងសម្លេងពីប្រទេសរៀងៗខ្លួន កំឡុងពេលដែលយុវជនម្នាក់ៗ កំពុងត្រូវបានថែរក្សាការពារខ្លួននៅផ្ទះ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។
ប្រភពវីដេអូពីទំព័រហ្វេសប៊ុកៈ HeyAsean by Art Thomya