ការប្រកួតរវាង Liverpool និង Athletico Madrid រងការស្តីបន្ទោសថាជាប្រភពចម្លងជំងកូវីដ១៩ខ្លាំងក្នុងទីក្រុង Liverpool
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រម្នាក់របស់រាជរដ្ឋាភិបាលអង់គ្លេសបាននិយាយថា៖ ការប្រកួតរវាងក្រុម Liverpool និង Athletico Madrid ក្នុងពានរង្វាន់ UCL កាលពីខែមុនគឺជាប្រភពចម្លងជំងឺកូវីដ១៩នៅទីក្រុង Liverpool។
យ៉ាងណាមិញ ចំពោះរឿងនេះលោកស្រី Angela McLean អនុប្រធានក្រុមប្រឹក្សាផ្នែកវិទ្យាសាស្ត្ររបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា លោកស្រីនឹងបើកការស៊ើបអង្កេតជុំវិញករណីនេះឲ្យស៊ីជម្រៅបន្ថែមទៀត។ លោកស្រីបានមានប្រសាសន៍ទៀតថា៖ ទៅថ្ងៃមុខយើងនឹងដឹងរឿងគួរឲ្យចាប់អារម្មណ៍ជាងនេះទៀត ព្រោះយើងនឹងប្រើសម្មិតកម្មតាមបែបវិទ្យាសាស្ត្រដើម្បីស៊ើបលើរឿងនេះ ហើយយើងនឹងធ្វើការថ្លឹងថ្លែងអំពីករណីឆ្លងនៅទីក្រុង Liverpool ប្រៀបនឹងករណីឆ្លងនៅទីក្រុងម៉ាឌ្រីដប្រទេសអេស្បាញ។
ក្នុងនោះលោក Mathew Ashton ក៏បានធ្លាប់ប្រាប់មកកាន់សារព័ត៌មាន the Guardian ដែរថា ការប្រកួតរវាង Liverpool និង Athletico Madrid គួរតែលុបចោលនៅពេលនោះ ខណៈដែលអភិបាលក្រុងម៉ាឌ្រីដ លោក Jose Luis Martinez-Almeida បានសម្តែងនូវការសោកស្តាយ និងចាត់ទុកថាវាជាកំហុសដ៏ធំមួយដែលអនុញ្ញាតឲ្យអ្នកគាំទ្ររបស់ក្រុម Athletico Madrid ចាកចេញពីប្រទេសអេស្បាញទៅចូលរួមទស្សនាការប្រកួតនៅទីក្រុង Liverpool ប្រទេសអង់គ្លេស។ លោកអភិបាលក្រុងបានមានប្រសាសន៍ថា៖ វាមិនទំនងទាល់តែសោះដែលអ្នកគាំទ្រ Athletico Madrid ប្រមាណ៣ពាន់នាក់អាចធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield នៅពេលនោះ។ ខណៈដែលទីក្រុងម៉ាឌ្រីដក្លាយទៅជាទីក្រុងមួយដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅអឺរ៉ុប។
តាមទិន្នន័យពីសកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ប្រទេសអេស្បាញគឺជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ១៩ច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ហើយកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅចំនួនអ្នកស្លាប់នៅប្រទេសនោះកើនឡើងដល់ចំនួន ២១,០០០នាក់ហើយ។ សូមបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool បានជ្រុះចេញពីក្របខណ្ឌ UCL វគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ក្រុមខ្លាំងអេស្បាញ Athletico Madrid ដោយគ្រាប់បាល់សរុបទាំង២ជើង ៤-២ កាលពីរាត្រីថ្ងៃទី១១ ខែមិនាកន្លងទៅ។
ជាអុសល្យ ជំនួបដ៏ធំនៅតំបន់ Merseyside នៃប្រទេសអង់គ្លេសនោះត្រូវបានរងការស្តីបន្ទោសយ៉ាងខ្លាំងថាជាប្រភពចម្លងជំងឺកូវីដ១៩ នៅទីក្រុង Liverpool ខណៈដែលក្នុងកីឡដ្ឋាន Anfield នៅពេលនោះមានអ្នកចូលទស្សនាផ្ទាល់ប្រមាណ ៥២,០០០នាក់ ក្នុងនោះមានប្រមាណ ៣,០០០នាក់ជាអ្នកគាំទ្ររបស់ក្រុម Athletico Madrid ដែលធ្វើដំណើរមកពីប្រទេសអេស្បាញ ស្របពេលដែលការបិទទីក្រុងនៅតាមបណ្តាប្រទេសនីមួយៗនៅទ្វីបអឺរ៉ុបបានចូលជាធរមានទៅហើយ។ តាមទិន្នន័យដែលទទួលបានចុងក្រោយគឺមានអ្នកស្លាប់ចំនួន២៤៦នាក់ដោយសារជំងឺកូវីដ១៩នៅមន្ទីរពេទ្យក្នុងក្រុង Liverpool៕ ប្រភព៖ BBCSport