ក្រោយពីទទួលបានការថែរក្សា និងព្យាបាលយ៉ាងយកចិត្តទុកដាក់រយៈពេលជិត ១ ខែជាង ខណៈនេះ តារាចម្រៀងថៃ អ្នកនាង លីឌៀ និងស្វាមី ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩។ អ្នកនាង លីឌៀ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ជាមួយនឹងអារម្មណ៍យ៉ាងក្តុកក្តួលក្នុងចិត្ត ពុំមានអ្វីថ្លែង និងមិនអាចគណនាបាននោះឡើយ។
អ្នកនាង លីឌៀ និងស្វាមី ក៏បានបកស្រាយបទចម្រៀងមួយបទ ដែលតាក់តែងឡើងក្នុងអត្ថន័យជាការអរគុណដល់ការលះបង់របស់គ្រូពេទ្យ និងបុគ្គលិកថែរក្សាព្យាបាលទាំងអស់ចំពោះអ្នកទាំងពីរកន្លងមក ក៏ដូចជាប្រជាជនថៃទាំងមូល។ បទចម្រៀងនោះមានចំណងជើងថា ស្រលាញ់ (ដោយអរគុណអស់ពីចិត្ត)។ អារម្មណ៍ដែលនឹករលឹកចំពោះក្រុមគ្រួសារ ជាពិសេសកូនតូចរបស់នាង ដែលទន្ទឹងចាំផ្លូវម្តាយនៅឯស្រុកកំណើត កាន់តែធ្វើឱ្យមហាជនមានសេចក្តីអាណិត ព្រមនឹងធ្វើការចែករំលែកវីដេអូចម្រៀងមួយនេះយ៉ាងច្រើនមែនទែនក្នុងរយៈពេល ១ យប់ប៉ុណ្ណោះ។ ពេលនេះ តារាចម្រៀង អ្នកនាង លីឌៀ និងស្វាមីត្រឡប់មកផ្ទះយ៉ាងសុខសាន្ត ជួបជុំក្រុមគ្រួសារឡើងវិញ។
ទស្សនាវីដេអូពីទំព័រហ្វេសប៊ុកៈ Lydia Sarunrat Deane