នៅព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា រួមជាមួយ ព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះគ្រូសំវរៈមុនី អនុគណស្រុកកំពង់សៀម តំណាង ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងព្រះមន្រ្តីសង្ឃ ព្រមទាំង លោកស្រី សុខ ម៉ាលីស ប្រធានអនុសាខាស្រុក អញ្ជើចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហម និងព្រះសង្ឃ សប្បរសជនចែកជូនដល់គ្រួសារសព ចំនួន ៣គ្រួសារ នៅឃុំកោះសំរោង ស្រុកកំពង់សៀម ដែលរងគ្រោះថ្នាក់ ដោយសារទូកបុកគ្នា ខណៈពេលដែល ត្រឡប់មកពីពិធីមង្គលការ នៅផ្នែកត្រើយម្ចាង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត កាលពីម៉ោង ១០យប់ ថ្ងៃទី១០ ខែឧសភា កន្លងទៅ ។ គួររំលឹកថា សពបុរសទាំង ៣ នេះ មានឈ្មោះ ៖ ១-លោក រុន ជា អាយុ ៥៣ឆ្នាំ ២-លោក ធីម ថាន អាយុ ៥៣ឆ្នាំ ៣-លោក ឡាង ម៉េងហ៊ត់ អាយុ ៣៣ឆ្នាំ អ្នកទាំងបីរស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បច្ចុប្បន្ន សពទាំងបី បានក្រុមគ្រួសាររកឃើញ និងធ្វើពិធីបុណ្យសព តាមប្រពៃណី ។
ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានសម្តែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ចំពោះ ការបាត់បង់ ប្តី ឪពុក កូន ជាទីគោរព ជាទីស្រឡាញ់ ដែលរងគ្រោះដល់ស្លាប់ ក្នុងឧប្បត្តិហេតុដែលស្មានមិនដល់នេះ ។ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា ក៏បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាខេត្ត ជា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះនានា ដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រកូនច្រើន ជនមានពិការភាព កុមារកំព្រា ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយដោះស្រាយ ទាន់ពេលវេលា ស្របទៅតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទ ក្រហមកម្ពុជា» ។