ខេត្តពោធិ៍សាត់៖ ទីបំផុតលោកចៅក្រមសើុបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្មលើកុមារី អាយុ ៧ឆ្នាំហើយ។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន លេខ៣០៨ យ.ខ/២០ និងលេខ៣០៦ យ.យ.ខ/២០ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ចេញដោយចៅក្រមសើុបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ។



ខ្លីមសារដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្នលេខ៣០៨ គឺដើម្បីធានាការសើុបអង្កេតឲ្យបានល្អ ដោយបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ធី សៀង ហៅសាង ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មុខរបរ នេសាទ នៅលីវ ឪពុកឈ្មោះ អឿន ធី ម្ដាយឈ្មោះ ចៀន ភួន ជននេះត្រូវដាក់នៅក្រោមការពិនិត្យពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ សម្រេចបញ្ជាឲ្យភ្នាក់ងារមានសមត្តកិច្ចនៃកម្លាំងសាធារណៈនាំជនត្រូវចោទដែលមានដូចខាងលើទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ខេត្តពោធិ៍សាត់ បង្គាប់មកលោកប្រធានពន្ធនាគាខេត្តពោធិ៍សាត់ ឲ្យទទួលយកជនត្រូវចោទមានឈ្មោះ ធី សៀង ហៅសាង ភេទប្រុស អាយុ ២១ឆ្នាំ(អត្តសញ្ញាណដូចខាងលើ) និងឃុំខ្លួនជននេះរហូតដល់មានដីកាសម្រេចផ្សេងពីនេះ ។ ដោយឡែកដីកាបង្គាប់ឲ្យខ្លួនជាបណ្ដោះអាសន្នលេខ៣០៦ ដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នានឹងដីកាលេខ(៣០៨)ខាងលើនោះដែរ សម្រេច ឃុំខ្លួនឈ្មោះ អោម ហាន ឬសេង ហាន ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើត ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ជន សុភ័ស ឪពុកឈ្មោះ អោម ហាក់ ម្ដាយឈ្មោះ ព្រំ ឈឹម រហូតដល់មានដីកាសម្រេចផ្សេងពីនេះដូចគ្នា ។



ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើលោកស្នងការរងទទួលផែនព្រហ្មទណ្ឌដែលបានចុះសុើបអង្កេតជាមួយអង្កភាពការពារកុមារា(CPU)ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានកាសែតនគរវត្តដែរថា ជនទាំង២នាក់ដែលបានឃុំខ្លួនបានឆ្លើយដាក់គ្នាទៅវិញទៅមក តែពុំបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចនោះទេ ប៉ុន្តែយោងតាមការស្រាវជ្រាវ ពិនិត្យ និងបើកការសុើបអង្កេតយ៉ាងម៉ត់ចត់នាកន្លងមកនេះ ឈ្មោះ ធី សៀង ហៅសាង មានកុមារី អាយុ ៧ឆ្នាំ អមដោយម្ដាយរបស់នាងដែលត្រូវជាក្មួយរបស់ជនត្រូវចោទ(ធី សៀង ហៅសាង)ផងនោះ បានឃើញអំពីហេតុការណ៍ និងចង្អុលបង្ហាញទីតាំងពូ(សៀង)ហក់ទៅច្របាច់.ក(កុមារីរងគ្រោះ)។



ស្លាកស្នាមលើខ្លួនប្រាណកុមារីរងគ្រោះ(រ៉ង ស្រីពេជ្រ) អាយុ ៧ឆ្នាំ ជាំដើមទ្រូង បាក់ថ្គាមខាងឆ្វេង បាក់ក ទ្រុឌក្បាល យកខោរុំមាត់ច្រមុះ និងយកការុងរុំពីលើបន្ថែម ដែលគេសន្និដ្ឋានថាអាចច្របាច់ខ្វេះក ជង្គង់សង្កត់លើដើមទ្រូង ក្បាលវាយដោយវត្ថុរឹង ។ លោកបន្តថា នៅផ្ទះជនសង្ស័យ(ធី សៀង ហៅសាង) រកឃើញស្នាប់ដៃចំនួន ២ មានមុខស្រួច និងមុខទាល។ ដូច្នេះតាមការសន្និដ្ឋានការប្រើប្រាស់ស្នាប់ដៃបង្កឱ្យមានស្លាកស្នាមរបួសអាចទទួលយក៨០ភាគរយ។ចំពោះកុមារីរងគ្រោះ(រ៉ង ស្រីពេជ្រ)មានពាក់ខ្សែកផ្លាទីន ១ជី និងក្រវិលមាស ៥ហ៊ុន។ ចំពោះជនសង្ស័យឈ្មោះ អោម ហាន ឬសេងហាន ជាមុខសញ្ញាចែកចាយគ្រឿងញៀន ប៉ុន្តែទោះជាយ៉ាងណាអ្នកទាំងពីរកំពុងឆ្លើយដាក់គ្នា ៕