ខេត្តប៉ៃលិន ៖ អាជីវករលក់បន្លែ ត្រី សាច់ ជាច្រើន បានប្រតិកម្មទៅនឹងម្ចាស់ផ្សារប៉ាហ៊ីជើង ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខណ:ម្ចាស់ផ្សារ ជួលតូបតម្លៃខ្ពស់ ។ ម្យ៉ាងដោយស្ងាត់ម៉ូយលក់ដូរអត់សូវដាច់ បណ្តាលឱ្យមានបញ្ហាខ្វះខាតក្នុងជីវ ភាពរស់នៅ ហើយពួកគាត់ស្នើសុំឱ្យអាជ្ញាធរក្រុង និងខេត្តជួយសម្រួល ដោយធ្វើយ៉ាងណា ឱ្យម្ចាស់ផ្សារបញ្ចុះតម្លៃដូចកាលពីដំបូង ។

  ហេតុការណ៍អាជីវករផ្សារប៉ាហ៊ីជើង ឱ្យភ្នាក់ងារសារព័ត៌មាន ដឹងនេះ បានកើតឡើងកាលពី វេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្សារប៉ាហ៊ីជើង ។

  ប្រភពព័ត៌មានពីអាជីវករ ឈ្មោះ ឆាយ ហាក់ ភេទស្រី អាយុ៤៧ឆ្នាំ លក់បបរ (តូបប្រវែង២ម៉ែត្របួនជ្រុង បង់១ខែ ចំនួន១០ម៉ឺនរៀល) ឈ្មោះ ប៉ែន វី ភេទស្រី អាយុ៤៨ឆ្នាំ (តូប២ម៉ែត្រ បួនជ្រុង បង់១០ម៉ឺនរៀល ក្នុង១ខែ) ឈ្មោះ ណុប សូនី ភេទប្រុស អាយុ៥៣ឆ្នាំ លក់សាច់ជ្រូក ឈ្មោះ ប្រាក់ សឿន ភេទស្រី អាយុ៥៨ឆ្នាំ លក់បន្លែ បង់១ខែ៦ម៉ឺនរៀល និង ឈ្មោះ ម៉ៅ រែម ភេទស្រី អាយុ៤៥ឆ្នាំ លក់បន្លែ (តូប៤ម៉ែត្រ៤ជ្រុង បង់១ខែ១២ម៉ឺនរៀល) ដោយពួកគាត់បានឱ្យដឹងស្រដៀ ងគ្នាថា ការបង់ថ្លៃតូបនេះ ពិតជាមានតម្លៃខ្ពស់ ខណ:ពួកគាត់លក់ដូរតែ១ព្រឹកប៉ុណ្ណោះ ហើយការលក់ដូរទៀតសោត អត់សូវមានម៉ូយចូលទិញបន្លែ ត្រីសាច់នោះទេ ពោលគឺតាំងពីកើតមានបញ្ហាជម្ងឺកូវីដ១៩មកម្លេះ ពោលគឺអត់សូវមានម៉ូយចូលទិញបន្លែរបស់ខ្លួន ។ ពួកគាត់បន្តទៀតថា បើម្ចាស់ផ្សារ យកថ្លៃតូបខ្ពស់បែបនេះ ពួកគាត់ពិតជាមិនអាចរកប្រាក់សម្រាប់បង់ថ្លៃតូបបានទាន់ពេលវេលានោះឡើយ ព្រោះការលក់ដូរក្នុង១ថ្ងៃៗ ជួនកាលបានប្រាក់ត្រឹមតែ២០០០០រៀលទៅ៣០០០០រៀលប៉ុណ្ណោះ ដោយណាមួយបង់ថ្លៃភាស៊ីរួចហើយ ម្ចាស់ផ្សារដើរយកប្រាក់ក្នុង១តូប២០០០០រៀលបន្ថែមទៀត ។ អ្នកខ្លះលើកឡើងថា ខ្លួនបានជួលតូបឱ្យទៅអ្នកផ្សេង បែរជាម្ចាស់ផ្សារទៅដើរ ទារលុយថ្លៃតូប ដែលជួលនោះពីលើបន្ថែមទៀត ជាហេតុធ្វើឱ្យបង់ត្រួតគ្នា អស់ប្រាក់ចំនួន២ដងទៅវិញ ។ ពួកគាត់សំណូមពរឱ្យអាជ្ញាធរក្រុង ក៏ដូចជាអភិបាលខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល ជួយសម្របសម្រួលបញ្ហាថ្លៃតូបដែលខ្ពស់បែបនេះ ឱ្យចុះតម្លៃដូចអ្វីដែលម្ចាស់ផ្សារមុនបានកំណត់ ។

  ចំណែកលោក រស់ លីអូន អាយុ៤៥ឆ្នាំ ជាអ្នកទារភាស៊ីផ្សារប៉ាហ៊ីជើងខាងលើ និងជាអតីតម្ចាស់ផ្សារ បានឱ្យដឹងថា កាលពីលោកជាម្ចាស់ផ្សារមុន គឺកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ខាងលោកបានស្នើសុំគោលការណ៍ពីខេត្ត ឱ្យកំណត់តម្លៃតូបរួចរាល់អស់ហើយ ដោយតូប១ ដែលមានប្រវែង២ម៉ែត្រ៤ជ្រុង តម្រូវឱ្យអាជីវករបង់ត្រឹមតែ៣០០០០រៀលប៉ុណ្ណោះ ។ បើជួល២តូប តម្រូ វឱ្យបង់៦០០០០រៀល ពោលគឺមិនមានការបង់ប្រាក់ថ្លៃខ្ពស់បែបនេះទេ ។ ក្រោយពីលោកបានគ្រ ប់គ្រងរយ:ពេល៥ឆ្នាំ ស្រាប់តែឈ្លោះបែកបាក់គ្នាជាមួយនឹងស្រ្តីអតីតប្រពន្ធ ដែលម្ចាស់ផ្សារបច្ចុប្បន្ន ទើបខាងលោកឈប់គ្រប់គ្រង ដោយដើរទារតែថ្លៃភាស៊ីប៉ុណ្ណោះ ។ លោកបញ្ជាក់ថា កាលពីមុន បើតូបចំកន្លែងជ្រុងផ្លូវ ឬកាច់កែង ប្រវែង២ម៉ែត្រ៤ជ្រុង តម្រូវឱ្យអាជីវករបង់ប្រាក់ក្នុងតម្លៃ៤០០០០ រៀលទៅ៥០០០០រៀលប៉ុណ្ណោះ ។ ប៉ុន្តែ បច្ចុប្បន្ននេះ តម្លៃតូបមានការឡើងខ្ពស់ខ្លាំង ដោយតូប១ ម្ចាស់ផ្សារទារឱ្យបង់ក្នុងតម្លៃ១០០០០០រៀល ក្នុង១ខែ តូបខ្លះទៀតឡើងថ្លៃ រហូតដល់១៥០០០០រៀលឯណោះ ។

  ពាក់ព័ន្ធទៅនឹងបញ្ហានេះ ម្ចាស់ផ្សារឈ្មោះ គង់ វណ្ណា ហៅមួង ភេទស្រី អាយុ៤០ឆ្នាំ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះដែរថា ក្នុងនាមគាត់ជាម្ចាស់ផ្សារ គឺមិនបាន តម្លើងថ្លៃតូបនោះឡើយ ដោយតូប១ប្រវែង២ម៉ែត្រ៤ជ្រុង តម្រូវឱ្យអាជីវករបង់ប្រាក់ចាប់ពី៣០០០០រៀល រហូតដល់១៥០០០០រៀល តាមកន្លែងកែង ឬកាច់ជ្រុង ។ ប្រភពបន្តទៀតថា ចំពោះការទារលុយពីអ្នកលក់ដូរចំនួន២០០០រៀល បើសិនជាម្ចាស់តូបមកលក់ដូរ គឺគាត់អត់យកប្រាក់នោះឡើយ បើម្ចាស់អត់មកអ្នកផ្សេងលក់ជំនួស ទើបគាត់ទារឱ្យបង់ក្នុងតម្លៃ៣០០០ទៅ៥០០០រៀល ។ គាត់បញ្ជាក់ថា តាំងពីដើមរៀងមក គឺ ឈ្មោះ រស់ លីអូន អតីតប្តី មិនដែលកាន់កាប់ផ្សារនោះឡើយ គឺគាត់ជាអ្នកគ្រប់គ្រងទាំងអស់ ។

  បើតាមលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងដែរថា ការកណត់តម្លៃ គឺខាងក្រុងធ្លាប់ហៅអាជីវករ និងម្ចាស់ផ្សារ ទៅសម្របសម្រួលម្តងរួចមកហើយ ដោយព្រមទទួលយកតាមការកំណត់រៀងៗខ្លួន មិនឱ្យម្ចាស់ផ្សារមានការឡើងថ្លៃតូបតាមចិត្តនោះឡើយ ។ លោកបន្តទៀតថា បើសិនជា អាជីវករលើកឡើងបែបនេះថា ម្ចាស់ផ្សារបានតម្លើងតម្លៃតូប ខាងលោកនឹងហៅឱ្យទៅចរចា ដើម្បីតទល់គ្នានៅថ្ងៃខាងមុខឆាប់ៗនេះ នៅក្នុងសាលាក្រុងប៉ៃលិន ៕

ដោយ ៖ នីយ៉ា