ខេត្តកំពង់ឆ្នាំងះ
កសិករមួយ រស់នៅភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលមានមុខរបរចិញ្ចឹមបង្កងអូស្ត្រាលី បានបង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីមានអតិថិជនគាំទ្រនិងសិស្សមករៀនកាន់តែច្រើនឡើងផងដែរ ។ ទោះបីយ៉ាងនេះក្តី គ្រួសារកសិករនោះបានផ្អាកការទទួលសិស្សមករៀនដល់កសិដ្ឋានមួយរយៈ ព្រោះតែជម្អឺកូវីដ-១៩ ប៉ុន្តែគាត់បានបង្រៀននៅតាមអនឡាញ នៅពេលយប់ រាងរាល់ថ្ងៃដល់សិស្សដែលបានចុះឈ្មោះរៀននៅកន្លែង ។




ម្ចាស់អាជីវករចិញ្ចឹមបង្កង អូស្ត្រាលី ឈ្នោះ នងណារិទ្ធ ហៅ ចិត្ត រស់នៅភូមិ ឃុំ ខាងលើបានឲ្យដឹងថា៖ គាត់ចាប់យកមុខរបរចិញ្ជឹមបង្កងនេះច្រើនឆ្នាំណាស់មកហើយ ដោយបានទៅរៀនពី គ្រូនៅខេត្តបាត់ដំបង ។ នៅពេលដែលត្រឡប់មកពីរៀនវិញ គាត់បានចាប់ផ្តើមបង្កើតមុខរបរនេះ ដោយបានជីកស្រះចំនួន២ និងធ្វើអាងចំនួន៦ ព្រមទាំង មានលូសម្រាប់ដាក់បង្កងមេ ចំនួន៨លូផងដែរ  តែក្រោយការចិញ្ជឹមបានមួយរយៈ មានអ្នកបានដឹងតិចតួចមិនសូវល្បីប៉ុន្មានទេ ។


ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយតាម កាសែត និងទូរទស្សន៍ កន្លងមកធ្វើឲ្យមានអ្នកបានដឹងកាន់តែច្រើន និងបានធ្វើឱយអាជីវកម្មចិញ្ចឹមបង្កងរបស់គាត់កាន់តែរីកចម្រើនឡើងបន្ថែមទៀត ដោយមានអតិថិជនគាំទ្រកាន់តែច្រើន និងជាងនេះទៀតមានអ្នកចង់ចិញ្ជឹមបង្កងបានមកសុំរៀនសូត្រពីគាត់ជាច្រើននាក់ ព្រមទាំងបានយកចំណេះដឹងដែលចេះពីគាត់យកទៅអនុវត្តទទួលបានជោគជ័យទៀត ផង។


ប៉ុន្តែ ចាប់ពីមានជម្ងឺកូវីត១៩មក គាត់បានសុំផ្អាកទទួលសិស្សមកបង្រៀន តែអាចឈ្លាតបង្រៀនសិស្ស តាម អនឡាញ នៅម៉ោង៨យប់ ផងដែរ។ លោក នង ណារឹទ្ធ បានបន្តថា៖ គាត់ក៏បានពង្រីកអាងចិញ្ចឹមបង្កងបន្ថែមជាច្រើនអាង ព្រមទាំងបានទិញដីពីប្រជាពលរដ្ឋនៅក្រោយផ្ទះ ដើម្បីជីកស្រះយ៉ាងធំសម្រាប់ចិញ្ចឹមមួយទៀតផងដែរ ។ ក្រៅពីចិញ្ចឹមបង្កងអូស្ត្រាលី  បច្ចុប្បន្នគាត់បានបន្ថែមការចិញ្ចឹមបង្កងដង្កៀបក្រហម និងបង្កងដៃវែងទឹកសាប ។ ជាមួយគ្នានេះគាត់នៅមានចិញ្ចឹមត្រីអណ្ដែង ត្រីទីឡាបយ៉ា និង ចិញ្ចឹមត្រីឆ្ពិនជាច្រើនអាងផងដែរ ។


សូមបញ្ជាក់ដែរ បច្ចុប្បន្ន ខេត្តកំពង់ឆ្នាំង មានអ្នកចាប់មុខរបរចិញ្ជឹមបង្កងអូស្ត្រាលីមានច្រើនកន្លែង ដោយបានរៀន ត គ្នាពីអ្នកនៅខេត្តកំពង់ឆ្នាំង និងខ្លះទៀត ទៅរៀនដល់ខេត្តបាត់ដំបង ដោយពួកគាត់ខ្លះសាកចិញ្ជឹមបាន១ឆ្នាំឬ២ឆ្នាំ ខ្លះទៀតទើបចាប់ផ្តើម ហើយអ្នកទាំងនោះ ខ្លះក៍ទទួលបានជោគជ័យ តែខ្លះទៀតមិនបានទទួលជោគជ័យ ដោយសារខុសបច្ចេកទេស ប៉ុន្តែពួកគាត់មិនបោះបង់ឡើយ ដោយបានបន្តការចិញ្ជឹមបង្កងនោះទៀត បើទោះបីខាតបង់ខ្លះក៍ពិតមែន ៕