ស្ទឹងត្រែងៈ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែងនិងលោក សាយ កុសល់ អភិបាលក្រុងស្ទឹងត្រែងកាលពីថ្ងៃទី៣ឧសភា២០២០ បានចុះសួរសុខទុកប្រជាពលរដ្ឋចំនួន១៥៣ខ្នងផ្ទះ ដែលអាជ្ញាធរខេត្តក្រុងតម្រូវអោយពួកគាត់រុះរើផ្ទះចេញពីមាត់ច្រាំងទន្លេនៃខេត្តស្ទឹងត្រែងអោយទៅរស់នៅលើដីឡូត៍ចំណុចគីឡូមែត្រលេខ៦(ម្តុំចម្ការម៉ៃសាក់)ក្នុងភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។



អភិបាលក្រុងស្ទឹងត្រែងលោក សាយ កុសល់ បានបញ្ជាក់ថាបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅតាមច្រាំងទន្លេនៃខេត្តស្ទឹងត្រែងបាននាំគ្នារុះរើផ្ទះមកនៅចំណុចខាងលើអាជ្ញាធរក្រុងបានរៀបចំអណ្តូងទឹកចំនួន៤និងបានដាក់បណ្តាញអគ្គិសនីចូលសម្រាប់អោយពួកគាត់ប្រើប្រាស់ ព្រមទាំងដាក់ភ្លើងសូឡែបំភ្លឺផ្លូវចំនួន២០ដើមថែមទៀត។



លោកថាបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលរស់នៅតាមមាត់ច្រាំងទន្លេមានចំនួនប្រមាណ១៥៣ខ្នងផ្ទះដែលត្រូវដោះដូរអោយទៅរស់នៅទីតាំងខាងលើ ពួកគាត់មួយចំនួនបាននាំគ្នាមកសាងសង់ផ្ទះនៅដីឡូត៍នោះហើយដែលមួយខ្នងផ្ទះទទួលបាននទំហំផ្ទៃដី ៥គុណនិង២០ ម៉ែត្រ ហើយប្រជាពលរដ្ឋមួយទៀតក៏បានទទួលនូវដីឡូត៍នេះដូចគ្នា គ្រាន់តែពួកគាត់មិនបានទៅសង់ផ្ទះនៅលើដីឡូត៍នោះទេដោយពួកគាត់មានដីផ្សេងផ្ទាល់ខ្លួនសម្រាប់សាងសង់ផ្ទះដោយខ្លួនឯង។



អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តមឡូយ សុផាត បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់លោក សាយ កុសល់ អភិបាលក្រុងស្ទឹងត្រែងដែលបានស្វះស្វែងរកវិធីដោះស្រាយជួនប្រជាពលរដ្ឋទាំង១៥៣ខ្នងផ្ទះចាប់តាំងរកទីតាំងដែលតម្រូវអោយពួកគាត់ទៅរស់នៅទីតាំងឆ្ងាយពីខេត្តរហូតដល់រកបានទីតាំងដែលនៅជិតខេត្តបំផុតត្រឹមតែ៦គីឡូមែត្រពីប៉ុណ្ណោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ទាំងអស់គ្នាបាន។