ក្រសួងអប់រំ នៅតែមិនអនុញ្ញាតឲ្យបើកក្លិបហាត់ប្រាណ ប៉ុន្តែសម្រាប់អ្នកហាត់យ៉ូហ្គា គឺជាករណីលើកលែង




ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់នៅក្នុងកម្មវិធីប្រកាសព័ត៌មានស្តីពីវិធានការកែតម្រូវឡើងវិញនូវការដាក់ឲ្យដំណើរការនូវវិស័យកីឡាជាជំហានៗនៅសាលប្រជុំក្នុងអាគារមជ្ឈមណ្ឌលហ្វឹកហ្វ៉ឺនកាលពីដើមសប្តាហ៍កន្លងទៅថា ក្រសួងអប់រំនៅតែបន្តបិទក្លិបហាត់ប្រាណគ្រប់ទីតាំងទាំងអស់នៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ការហាត់យ៉ូហ្គាគឺជាករណីលើកលែង។



ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការហាត់យ៉ូហ្គានៅតាមទីសាធារណៈដោយការរក្សាគម្លាតបុគ្គលអាចជាករណីលើកលែង ពីព្រោះយ៉ូហ្គាអាចហាត់បានដោយខ្លួនឯង និងមិនមានការនៅក្បែរគ្នា ឬប៉ះពាល់គ្នាក៏បាន ខុសពីការហាត់ប្រាណនៅតាមក្លិបដែលត្រូវប្រើប្រាស់ឧបករណ៍រួមគ្នា។ ទោះយ៉ាងនេះក៏ដោយ ឯកឧត្តម រដ្ឋលេខាធិការ ស សុខា នៅតែដាស់តឿនឲ្យបងប្អូនជាកីឡាករ និងអ្នកហាត់ប្រាណទាំងអស់យកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពរបស់ខ្លួន ពីព្រោះកម្ពុជាទើបតែរកឃើញ២ករណីថ្មីឡើងវិញ និងមានមនុស្សមួយចំនួនទៀតកំពុងស្ថិតក្នុងការតាមដានពីមន្ត្រីជំនាញនៅឡើយ ដូច្នេះហានិភ័យក្នុងការឆ្លងជំងឺកូវីដ១៩នៅតាមសហគមនៅតែមានខ្ពស់ដដែល។ សូមបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឲ្យមានសកម្មភាពកីឡាជាជំហានៗ ប៉ុន្តែតម្រូវឲ្យសហព័ន្ធកីឡាជាតិទាំងអស់គោរពនូវគោលការណ៍ណែនាំចំនួន៩ចំណុចរបស់ក្រសួង។ ចំណែកឯក្លិបហាត់ប្រាណនៅតែបិទដដែលរហូតដល់សេចក្តីសម្រេចថ្មីរបស់ក្រសួងដែលនឹងជម្រាបជូននៅពេលក្រោយ។