បន្ទាប់ពីផ្អាកការប្រកួតអស់១ខែកន្លះដោយសារចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ការឆ្លងរាលដាននៃជំងឺកូវីដ១៩ នៅពេលកម្មវិធី Knock Out Series by K-Cement រដូវកាលទី៧ លើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាមបានវិលត្រឡប់មកវិញ ខណៈដែលសប្តាហ៍កន្លងទៅគូពានរង្វាន់ចំនួន៤គូឡើងមកអង្រួនសង្វៀនយ៉ាងអស្ចារ្យ។ គូទី១ បង្គោលក្រហមកីឡាករ សោម វិច្ឆ័យ បានយកឈ្នះសិស្សច្បង ពុយ វណ្ណៈដោយពិន្ទុទាំងប្រផិតប្រផើយដណ្តើមបានកៅអីមួយទៅវគ្គផ្តាច់ព្រ័ត្រ ចំណែកឯគូពានរង្វាន់ទី២ ប្រកួតលើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាមដូចគ្នា បង្គោលក្រហមកីឡាករ រិន សារ័ត្ន បានយកឈ្នះពិន្ទុបង្គោលខៀវកីឡាករ វ៉ែន ហុងជីវ៉ង់។
ដូច្នេះក្រោយឆ្លងកាត់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ Semi-Finals នេះទៅយើងរកឃើញជើងខ្លាំង២នាក់ឡើងទៅតតាំងគ្នានៅវគ្គផ្តាច់ព្រ័ត្ររវាងកីឡាករ រិន សារ័ត្ន និង សោម វិច្ឆ័យ ខណៈដែលអ្នកចាញ់ទាំង២នាក៉ទៀតនៅសប្តាហ៍នេះក៏មិនទាន់អស់ឱកាសដណ្តើមប្រាក់ធំដែរដោយកីឡាករ ពុយ វណ្ណៈ ត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ជាមួយកីឡាករ វ៉ែន ហុងជីវ៉ង់។ សម្រាប់ប្រាក់រង្វាន់ដូចសព្វមួយដងគឺ ម្ចាស់ពានលេខ១ ទទួលបាន ៤ពាន់ដុល្លារ, លេខ២, ២ពាន់ដុល្លារ, លេខ៣ ៧៥០ដុល្លារ និងលេខ៤ចំនួន៥០០ដុល្លារ។ កាលបរិច្ឆេទប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរិ៍ ទី២៣ ខែឧសភាខាងមុខនេះ។