ខេត្តប៉ៃលិន៖ បើគេធ្វើដំណើរតាមដងផ្លូវជាតិលេខ៥៧ ចេញពីទីរួមខេត្តប៉ៃលិនប្រមាណ៣គីឡូម៉ែត្រ រួចបត់ស្តាំតាមដងផ្លូវលំ ដែលគេទើបនឹងឈូសឆាយធ្វើថ្មី ប្រមាណ៤ទៅ៥គីឡូម៉ែត្របន្ថែមទៀត ឆ្ពោះទៅទិសខាងត្បូង តំបន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ នឹងឃើញចម្ការសាវម៉ាវ១កន្លែង ដែលម្ចាស់បានដាំជាង៥០ដើម អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ក៏ប្រមូលផលបេះលក់ឱ្យភ្ញៀវទេសចរ ដែលធ្វើដំណើរទៅលេងរមណីយដ្ឋាននេះ ចូលទិញស្ទើរគ្រប់ៗគ្នា។ ដូច្នេះ បើភ្ញៀវទេសចរណ៍ ចង់ពិសាផ្លែសាវម៉ាវធម្មជាតិ កុំភ្លេចជួយទិញម្ចាស់ចម្ការផង ព្រោះមានរសជាតិផ្អែមដូចស្ករ និងឆ្ងាញ់តែម្តង ។
ជួបជាមួយភ្នាក់ងារសារព័ត៌មានយើង កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោក ផាន់ រក្សា អាយុ២៨ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀប រាប់ឱ្យដឹងថា លោកបានដាំដំណាំសាវម៉ាវនេះ ជាយូរឆ្នាំមកហើយ ដោយទទួលបានផលផ្លែរយ:ពេល៤ឆ្នាំកន្លងមកហើយដែរ ។ លោកបន្តទៀតថា សាវម៉ាវនេះ គេហៅ «សាវម៉ាវកំប៉ុង» ដោយលោកបាននាំពូជយកមកពីប្រទេសថៃ ហើយបន្ទាប់ពីផ្កាផ្លែទុំ គឺមានម៉ូយចូលទៅទិញដល់ក្នុងចម្ការតែម្តង ។ លើសពីនេះ ភាគច្រើន គឺប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន និងមកពីតាមបណ្តាខេត្តនានា ចូលទៅទិញផ្ញើបងប្អូនក្នុងម្នាក់ៗ ១ទៅ២គីឡូក្រាម ដោយលោកលក់ត្រឹម តែ១គីឡូក្រាម៨០០០រៀលប៉ុណ្ណោះ ។
ចំពោះការដាក់ជីទៅលើដើមសាវម៉ាវនេះ គឺលោកបានផលិតជីធម្មជាតិដោយខ្លួនឯង មិនប៉ះពាល់សុខភាពភ្ញៀវដែលទិញទៅទទួលទាននោះឡើយ ។ រហូតមកដល់ពេលនេះ សាវម៉ាវរបស់លោក ចាប់ផ្តើមទុំជាបណ្តើរៗ ជិតពេញក្នុងចម្ការហើយ បើសិនជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាភ្ញៀវទេសចរណ៍ មកពីតាមបណ្តាខេត្តនានា ដែលជិះម៉ូតូ ឬបើកបររថយន្តឆ្លងកាត់ដីចម្ការរបស់ខ្លួនទៅលេងរមណីយដ្ឋាន អាចចូលទៅទិញ និងថតរូបលេងជាលក្ខណ:គ្រួសារ ខណ:ដើមសាវម៉ាវនេះ បញ្ចេញពណ៌ខៀវខ្ចីគួរឱ្យចង់គយគន់ផងដែរ ។ ចំពោះផលផ្លែសាវម៉ាវនៅឆ្នាំ២០២០នេះ ហាក់ដូចជាមានការធ្លាក់ចុះបន្តិច ដោយសារតែចុងឆ្នាំមុនមានការរាំងស្ងួតហួតហែងរយ:ពេលយូរពេក អត់មានទឹកបូមស្រោច ។ លុះបន្ទាប់ពីសាវ ម៉ាវផ្លែរួច ក៏បន្តអត់មានទឹកបូមស្រោច ទើបបណ្តាលឱ្យជ្រុះផ្កា និងក្តិប អស់ជាច្រើន និងអត់សូវមានផ្លែជាប់នឹងដើមនោះលើយ ៕