ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានអំពាវនាវឲ្យយុវជនចូលរួមហ្វឹកហាត់ដោយសេរី ពុំមានការបង់ប្រាក់ឡើយ។
ឯកឧត្តមប្រធានបានបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះសហព័ន្ធបានខំប្រឹងកសាងអាងហែលទឹកថ្មីដែលមានកម្រិតស្តង់ដារអន្តរជាតិជាច្រើននៅតាមភូមិភាគដូចជានៅស្រុកកោះធំខេត្តកណ្តាល នៅខេត្តបាត់ដំបង ក៏ដូចជានៅរាជធានីភ្នំពេញដែលសុទ្ធតែជាអាងស្របតាមបទដ្ឋានអន្តរជាតិ ហើយឯកឧត្តមសំណូមពរឲ្យយុវជនយើងងាកមកលេងកីឡាហែលទឹកនេះឲ្យបានច្រើន ពីព្រោះវាជំនួយច្រើនដល់សុខភាព និងផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀតលើសពីការស្មាន។
ឯកឧត្តមបញ្ជាក់ហើយបញ្ជាក់ទៀតថា ការចុះឈ្មោះចូលហ្វឹកហាត់មិនមានការគិតប្រាក់កម្រៃអ្វីឡើយ ហើយសហព័ន្ធមានគ្រូបង្ហាត់ល្អៗដែលពោរពេញទៅដោយបទពិសោធន៍ជួយបណ្តុះបណ្តាលទៀតផង។ គោលបំណងរបស់សហព័ន្ធគឺចង់បានធនធានកីឡាករជម្រើសជាតិឲ្យបានច្រើនដើម្បីចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ពិសេសនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានរំលឹកពីភាពរីកចម្រើននៃវិស័យកីឡាហែលទឹកនៅប្រទេសកម្ពុជាកាលពីជំនាន់សង្គមរាស្ត្រនិយមរហូតមានកីឡាករហែលទឹកកម្ពុជាខ្លះដណ្តើមបានមេដាយជាច្រើនជូនជាតិទៀតផង។ ដូច្នេះឯកឧត្តមប្រធានចង់ឃើញភាពរីកចម្រើនដូចគ្នាកើតឡើងក្នុងសម័យទំនើបនេះផងដែរ។