ខេត្តប៉ៃលិន ៖ មានប្រសាសន៍លើកឡើងក្នុងពិធីសំណេះសំណាល និងចែកកូន មេបាពូជកង្កែប ដល់កសិករ បណ្តុំអាជីវកម្មវារីវប្បកម្មរបស់មន្ទីរកសិកម្មខេត្តប៉ៃលិន នាថ្ងៃទី១១ ឧសភា ២០២០ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានជម្រុញឱ្យប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យល្អប្រសើរឡើង ស្របពេលជម្ងឺកូវីត១៩ កំពុងកើតមាន ដែលជាបញ្ហាចម្បងមួយបណ្តាលឱ្យប្រជាពលរដ្ឋ មិនអាចចេញទៅរកស៊ីប្រកបរបរចិញ្ចឹមជីវិត ហើយជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។



ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា ៖ ដើម្បីសម្រេចគោលដៅលើការចិញ្ចឹមកង្កែបនេះ កសិករត្រូវមានកិច្ចសហការល្អជាក្រុមបណ្តុំតាមមូលដ្ឋាននីមួយៗ និងរៀបចំផែនការផលិតឱ្យត្រូវតាមរដូវកាល និងតម្រូវការទីផ្សារផងដែរ ។ លើសពីនោះកសិករយើង ត្រូវតែមានឆន្ទៈលើការចិញ្ចឹម និងថែទាំឱ្យបានត្រឹមត្រូវ តាមការណែនាំ និងលក្ខណៈបច្ចេកទេស ។


នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតជម្ងឺផ្សេងៗ ជាពិសេសត្រូវបានការប្រុងប្រយ័ត្ន ចំពោះជម្ងឺកូវីត១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ហើយបើមានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយ ការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ។


បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តបានអោយដឹងថា ៖ បណ្តុំអាជីវកម្មផលិតកម្មចិញ្ចឹម ត្រី/កង្កែប ត្រូវបានអនុវត្តដោយអង្កការ EPDO និង PDAFF  ចំនួន ១៧បណ្តុំ រួមមាន៖ (ត្រី៥បណ្តុំ និងកង្កែប ១២បណ្តុំ) ស្មើនឹងគ្រួសារកសិករ ៤៤៧នាក់ ស្រី១១៧នាក់ ហើយអង្កការ EPDO ដែលកំពុងអនុវត្តន៍ គឺបានគាំទ្រ កសិករគំរូចំនួន៨ក្រុម មានសមាជិកសរុបចំនួន ២៣៦នាក់ ស្រី៨២នាក់។