រិន សារ័ត្ន ចំណាយពេលជាង៤ខែទម្រាំយកបានទឹកប្រាក់៤០០០ដុល្លារ
បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់១៨សប្តាហ៍ រួមទាំងការសម្រាកទប់ស្កាប់ជំងឺ
កូវីដ១៩អស់ជាង១ខែទៀត នៅទីបំផុតកម្មវិធី TV5 Knock Out Series by K-Cement រដូវកាលទី៧ បានបិទបញ្ចប់យ៉ាងជោគជ័យក្រោយរកឃើញម្ចាស់ទឹកប្រាក់ ៤ពាន់ដុល្លារគឺបានទៅលើកីឡាករ រិន សារ័ត្ន។
នៅសៅរិ៍សប្តាហ៍មុននេះគូពានរង្វាន់ចំនួន២គូឡើងមកអង្រួនសង្វៀនដោយគូទី១ ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ រវាងកីឡាករ ពុយ វណ្ណៈ និង វ៉ែន ហុងជីវ៉ង់។ ជាលទ្ធផល ពុយ វណ្ណៈ បានយកឈ្នះ វ៉ែន ហុងជីវ៉ង់ ដោយពិន្ទុ រួចគ្រងចំណាត់ថ្នាក់លេខ៣ ជាមួយទឹកប្រាក់ ៧៥០ដុល្លារ។ សម្រាប់គូផ្តាច់ព្រ័ត្រ កីឡាករ សោម វិច្ឆ័យ បានត្រឹមតែសោកស្តាយក្រោយភ្លាត់ចាញ់ពិន្ទុ រិន សារ័ត្ន ទាំងដែលខ្លួនខំធ្វើយ៉ាងល្អក្នុងទឹកទី១ ប៉ុន្តែហាក់រាងស្រុតបន្តិចចាប់ពីទឹកទី២។ ដូច្នេះម្ចាស់ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់៤ពាន់ដុល្លារ អមដោយពានមួយបានទៅលើកីឡាករ រិន សារ័ត្ន។
ក៏សូមបញ្ជាក់ថាឡើងវិញផងដែរថា កម្មវិធី Knock Out Series by K-Cement របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥គឺជាកម្មវិធីប្រកួតប្រដាល់ជម្រុះចាញ់ធ្លាក់ ដោយចាប់ផ្តើមពីកីឡាករចំនួន៣២នាក់ជម្រុះ៤ជុំដើម្បីឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងជុំទី៥។ សម្រាបម្ចាស់ជើងឯកទទួលបានប្រាក់រង្វាន់ ៤ពាន់ដុល្លារ, លេខ២ បាន ២ពាន់ដុល្លារ លេខ៣ បាន៧៥០ដុល្លារ និងលេខ៤បាន៥០០ដុល្លារ។