ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រោយពីប្រទេសថៃ បានបិទច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មិនឱ្យម៉ូតូ ឬរថយន្តចេញចូលទៅមក ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន ដឹកទំនិញយកទៅលក់នៅច្រកទ្វារអន្តរជាតិផ្សេង ដូចជានៅច្រកទ្វារអន្តរជាតិដូង នៅចំណុចបានឡែម ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងជាដើម ។
ដូច្នេះហើយ ទើបមកដល់ពេលនេះ កសិផលដំឡូងមី មានការ ធ្លាក់ថ្លៃជាងមុន តែទោះបីជាយ៉ាងណា កសិករបង្ខំចិត្តជួលកម្មករ ឱ្យចូលទៅប្រមូលផលនៅក្នុងចម្ការរប ស់ខ្លួន ដើម្បីបានប្រាក់សម្រាប់ផ្គង់ផ្គង់ជីវភាពប្រចាំថ្ងៃ ។
ប្រភពព័ត៌មានពីកសិករម្នាក់ ឈ្មោះ ឡោ សុខបូន អាយុ៥០ឆ្នាំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃ លិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា គាត់បានដាំដំឡូងមីចំនួន៣ហិកតា នៅត្រង់ចំណុចភូមិទឹក ផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយជួលកម្មករឱ្យចូលទៅប្រមូលផលអស់រយ:ពេល៣ថ្ងៃមកហើយ ក៏លក់បានចំនួនជាង២០តោនដែរ ។ លោកបន្តទៀតថា តម្លៃទីផ្សារដំឡូងមីបច្ចុប្បន្នមានការធ្លាក់ចុះជាងមុន ដោយដំឡូងមី១គីឡូក្រាម ឈ្មួញទិញតម្លៃ១.៥បាត(ប្រាក់ថៃ) ដោយកាលពីមុនកើតមានជម្ងឺ កូវីដ ដំឡូងមីឡើងថ្លៃរហូតដល់១គីឡូក្រាម២.២បាតឯណោះ ។
លោកបញ្ជាក់ថា ទោះបីជាការបិទច្រកទ្វារអន្តរជាតិព្រំមានរយ:ពេលយូរ មិនទាន់មានការបើកឱ្យដំណើរការឡើងវិញ ដោយសារតែបញ្ហាជម្ងឺឆ្លងកូវីដ១៩ តែបើមានឈ្មួញនៅទទួលទិញមើមដំឡូងមី ទោះបីជាមានតម្លៃថោកក៏គាត់នៅតែដឹកយកទៅលក់ ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។
ចំពោះការជួលឱ្យកម្មករប្រមូលផលនៅក្នុងចម្ការ គឺក្នុង១តោនអស់២៥០បាត(ប្រាក់ថៃ) និងជួលដឹកមើមដំឡូងមីចេញពីចម្ការយកទៅលក់នៅស្តង់ ក្នុង១០តោន អស់ថ្លៃ១២០០បាត(ប្រាក់ថៃ) បើសរុបថ្លៃជី ថ្លៃភ្ជួររាស់ ដាំ និងដកមើមដំឡូងមី បើតម្លៃទាបបែបនេះ គឺមិនចំណេញប៉ុន្មាននោះទេ ។ តែណាមួយ ដោយសារដាំដំឡូងមីនៅចន្លោះដើមស្វាយ លុះជិតដល់ពេលដែលលោកដាក់បញ្ជាឱ្យដើមស្វាយកែវរមៀតផ្លែ ក៏ប្រញាប់ប្រមូលផលបែបនេះ ផងដែរ ។
ចំណែកកម្មករម្នាក់ ឈ្មោះ លឹម ង៉ាន់ ហៅក្រឹម អាយុ២៩ឆ្នាំ ប្រពន្ធ ឈ្មោះ ណាន ណាវី ៣២ឆ្នាំ មានស្រុកកំណើតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឱ្យដឹងថា គាត់មកស៊ីឈ្នួលដកដំឡូ ងមីនៅក្នុងខេត្តប៉ៃលិន អស់រយ:ពេលច្រើនខែមកហើយ ដោយក្នុង១ថ្ងៃៗ អាចទទួលបានប្រាក់កម្រៃ៣៥០០០ទៅ៤០០០០រៀល ដោយស្នាក់នៅក្នុងខ្ទមចាំចម្ការ ជាមួយប្រពន្ធកូន ។
លោកបន្ត ទៀតថា ក្រៅពីដកដំឡូងមី បើមានការងារអ្វីផ្សេងទៀត ដូចជា កាច់ពោត និងដាំដំឡូងមី ក៏នាំគ្នា ធ្វើការ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាព ដោយសារជម្ងឺឆ្លង ពួកគាត់មិនអាចចេញទៅធ្វើការនៅស្រុកឆ្ងាយ ឬប្រទេសថៃបាននោះទេ ៕