លោកជំទាវ ជូ ប៊ុនអេង បានជម្រុញបែបនេះក្នុងឱកាសជួបសំណេះសំណាល និង ចែកអំណោយរបស់ព្រះគ្រូ កង សុផល ព្រះគ្រូសូត្រស្តាំវត្តអារញ្ញការាម និង សប្បុរសជនជិតឆ្ងាយ ដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារ មកពីភូមិចំនួន៦ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នៅវត្តអារញ្ញការាមស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោកជំទាវជូ ប៊ុនអេង ក៏បានអោយដឹងទៀតថាៈបញ្ហាជំងឺកូវីដនេះ បានបន្តរាលដាលនៅទូទាំងសាកលលោក ដែលបង្ករអោយមនុស្សឈឺនិងស្លាប់ជាបន្តបន្ទាប់ផងដែរ ដោយឡែកប្រទេសកម្ពុជាវិញជំងឺកូវិដ១៩នេះ ក៏បានកើតមាននិងរងនូវផលប៉ះពាល់ ផងដែរ។
ដូចនេះយើងទាំងអស់គ្នាត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈការធ្វើអនាម័យជាប្រចាំ គឺលាងសម្អាតដៃនិងសាប៊ូ ឬ អាល់កុល និង ហូបស្អាត ផឹកស្អាត ពាក់ម៉ាស់ ក្រម៉ា និង មិនត្រូវនៅប្រមូលផ្តុំគ្នាច្រើននោះទេ ។
លោកជំទាវ ជូ ប៊ុនអេង ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវតែបន្តយកចិត្តទុក ដាក់ត្រួតពិនិត្យសុខភាព បើប្រជាពលរដ្ឋណាមានការសង្ស័យនូវការឆ្លងជំងឺកូវីដ១៩នោះ សូមរាយការ
ណ៍ជាប្រញាប់មកអាជ្ញាធរខេត្ត ដើម្បីបញ្ជូនទៅធ្វើការព្យាបាលអោយទាន់ពេលវេលា ។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថាៈ កន្លងមកនេះ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានយកចិត្តដាក់ក្នុងការដាក់វិធានការការពារទប់ស្កាត់ការីករាលដាលនៃជំងឺកូវិដ ១៩ តាមរយៈម៉ូតរឺម៉កកង់បី រថយន្ត ដោយបានចាក់សារអប់រំពន្យល់ណែនាំអប់រំដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានអំពីវិធានការនានារបស់ក្រសួងសុខាភិបាល បច្ចុប្បន្ននៅតែបន្តការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នបន្តទៀតដោយអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។
លោក យិន សាវ៉េន បានមានប្រសាសន៍អោយដឹងទៀតថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនោះគឺបានមកពីការបរិច្ចាកនូវទេយ្យទានដោយផ្ទាល់ពីព្រះគ្រូ កង សុផល ព្រះគ្រូសូត្រស្តាំវត្តអារញ្ញិការាម និង សប្បុរសជនជិតឆ្ងាយ សរុបជាថវិកាជាង១៨លានរៀល ។
អំណោយទាំងនេះផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និង ថវិកា១ម៉ឺនរៀល ៕
ដោយសុក្ខារិន