ខេត្តស្វាយរៀង​៖ នៅព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម​ ម៉ែន​ វិបុ​ល​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ និងប្រតិភូខេត្តបានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស​ ដែលដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទជាច្រេីនរូបទៀត​ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។





លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និងបានចូលរួមរំលែកទុក្ខយ៉ាងក្រោមក្រំ និងអាឡោះអាល័យជាមួយលោកជំទាវ សួស ណារ៉ា ហ៊ឹម ឆែម ចំពោះការទទួលមរណភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។ បន្ទាប់មក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញប្រគល់ជូនលោកជំទាវ សួស ណារ៉ា ព្រមទាំងក្រុមគ្រួសារ នូបបច្ច័យចូលរួមក្នុងពិធីបុណ្យ និងបានបន្តអញ្ជើញដឹកនាំប្រតិភូចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដោយខ្លឹមសារថា ៖





មរណៈភាពរបស់ ឯកឧត្តម ហ៊ឹម ឆែម គឹជាការបាត់បង់គួរឲ្យសោកស្តាយបំផុតនូវស្វាមី ឳពុក និងជីតា ជាទីគោរពស្រឡាញ់ ដែលប្រកបដោយព្រហ្មវិហាធម៌ ហើយក៏ដូចជាការបាត់បង់នូវថ្នាកដឹកនាំដ៏សំខាន់មួយរូបប្រកបដោយពុទ្ធិ និងបទពិសោធន៍យ៉ាងទូលំទូលាយ ដែលមួយជីវិតរបស់ឯកឧត្តមបានបូជាកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ក្នុងបុព្វហេតុជាតិ មាតុភូមិ ជាពិសេស បានចូលរួមចំណែកយ៉ាង សំខាន់ធ្វើឲ្យវិស័យធម្មការ និងសាសនា មានការីកចម្រើនដូចសព្វថ្ងៃនេះ។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកសមានទុក្ខដោយសេចក្តីសោកសង្រេងជាទីបំផុតជាមួយលោកជំទាវ សួស ណារ៉ា ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ហ៊ឹម ឆែម បានទៅ សោយសុខក្នុងឋានសុគិតភពកុំបីឃ្លៀងឃ្លាតឡើយ ៕