ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចនជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនមកកាន់តុលាការខេត្តស្វាយរៀង ក្នុងករណីរក្សាទុក ជួញដូរ គ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ នៅព្រឹកថ្ងៃ ទី១៨ខែ ឧសភាឆ្នាំ ២០២០នេះ។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថាៈ សមត្ថកិច្ចយើងដោយអនុវត្តតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត កាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងស្ថិតក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក ស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ឈ្មោះស្រែតាឡាក់ ស្តិតក្នុងភូមិថ្មី សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងក្នុងនោះបានឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងបក្ខពួកសរុបចំនួន៩នាក់។
ប្រភពពីសមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានដកហូតសម្ភារវត្ថុតាង រួមមាន ថ្នាំញៀនចំនួន១០កញ្ចប់ (ធំ៨កញ្ចប់) អាវុធខ្លី១ដើម ធុនK៥៩ បង់១មាន២គ្រាប់។ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន២គ្រឿង ម៉ូតូចំនួន៥គ្រឿង ព្រមទាំងសម្ភារវេចខ្ចប់ ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត៕