ព្រះវិហារ៖ រូបសំណាក់គោបូរៈទី៥នៃប្រាសាទព្រះវិហារដែលជានិមិត្តរូបប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់បុព្វបុរសខ្មែរត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសាងសង់នៅលើរង្វង់មូលស្រអែម។
ជាមួយនេះមានទាំងមានសួនកម្សាន្តនិងកន្លែងហាត់ប្រាណទៀតផង។ រង្វង់មូលស្រអែមនេះបានសាងសង់រួចរាល់ហើយនិងមានសោភណ្ឌភាពដែលគ្រោងនឹងដាក់សម្ពាធជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខនេះក្រោមវត្តមានលោកទេសរដ្ឋមន្ត្រីមាសសុភាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារ។ រូបសំណាក់គោបូរៈទី៥នៃប្រាសាទព្រះវិហារគឺជាមួយផ្នែកនៃប្រាសាទព្រះវិហារលើរង្វង់មូលស្រអែមនេះមើលទៅអណ្ដែតស្អាតហើយមានសោភ័ណ្ឌភាពល្អទុកសម្រាប់ក្មេងជំនាន់ក្រោយបានស្គាល់បានយល់ពីបុព្វបុរសខ្មែរជំនាន់ដើម។ ពាក់ព័ន្ធការងារសាងសង់នេះលោកសំលាងទ្រីជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថារូបសំណាកគោបរៈទី៥នៃប្រាសាទព្រះវិហារលើរង្វង់មូលស្រអែមជាសមិទ្ធផលមួយថ្មីទៀតដោយបានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតនៅលើទឹកដីនៃតំបន់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រភូមិស្រអែមឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ការសាងសង់ឡើងក្រោមការជ្រោមជ្រែងពីលោកទេសរដ្ឋមន្ត្រីមាសសុភានិងក្រុមការងារ,លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងសហការី,លោកសួសយ៉ារ៉ាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ,លោកអ៊ុនចាន់ដាអតីតអភិបាលខេត្តព្រះវិហារ,លោកឧត្ដមសេនីយ៍ឯកស្រីឌឹក មេបញ្ជាការងកងទ័ពជើងគោក ប្រចាំទឹសប្រាសាទព្រះវិហារ,លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារ,លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនិងអាជ្ញាធរជាតិប្រាសាទព្រះវិហារព្រមទាំងសប្បុរសជននានាជាច្រើនរូបទៀតផងដែរ។ ការសាងសង់រង្វង់មូលនេះប្រើប្រាស់ថវិកាអស់ចំនួន១២ម៉ឺន៥ពាន់ដុល្លារអាមេរិកតែមិនមែនជាថវិការបស់ជាតិនោះទេ។លោកសំលាងទ្រីបានបញ្ជាក់បន្ថែមថា៖ក្នុងនោះលោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលបានសម្រេចឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារប្រើប្រាស់ថវិកាជាតិពង្រីកផ្លូវជុំវិញរង្វង់មូលស្រអែមនេះឱ្យបានធំទូលាយថែមទៀតផង។ ចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥នៃប្រាសាទព្រះវិហារនេះគឺមន្ទីរសាធារណការជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង។ក្នុងនោះត្រូវសាងសង់រង្វង់មូលដែលមានអង្កត់ផ្ចិត៤០ម៉ែត្ររូបសំណាក់គោបូរៈទី៥នៃប្រាសាទព្រះវិហារ។ខ្នាត១លើ២៥ស្មើនឹង៧៥ភាគរយនៃតួប្រាសាទព្រះវិហារដើមមានរូបនាគ២។នៅលើរង្វង់មូលនេះក៏នឹងមានការដាំស្មៅផ្កានិងដើមឈើលម្អយ៉ាងស្រស់ស្អាតផងដែរ។
គួរបញ្ជាក់ផងដែរថា៖ខេត្តព្រះវិហារគឺជាខេត្តមួយនៅដាច់ស្រយាលហើយកាលពីមុនមិនងាយនឹងធ្វើដំណើរទៅដល់នោះទេគឺត្រូវប្រើពេលវេលាច្រើនថ្ងៃទើបទៅដល់។តែសម្រាប់ពេលនេះគឺមិនដូច្នោះទេខេត្តព្រះវិហារបានក្លាយពីខេត្តដែលនៅឆ្ងាយដាច់ស្រយាលមកជាខេត្តមួយនៅជិតបង្កើយដោយសារតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះក្រោមការដឹកនាំរបស់អភិបាលខេត្តនិងប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ។ ពិសេសការអនុវត្តផ្ទាល់ពីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារដែលមានលោកសំលាងទ្រីជាប្រធានមន្ទីរបានធ្វើឱ្យផ្លូវជាច្រើនខ្សែតភ្ជាប់ទៅខេត្តនិងនៅក្នុងទីរួមខេត្តក្លាយជាផ្លូវស្អាតងាយស្រួលក្នុងការធ្វើដំណើរនិងប្រើប្រាស់ពេលវេលាតិច។
នៅចុងក្រោយនេះទៀតខេត្តព្រះវិហារបានបង្កើតឱ្យមានរូបសំណាក់គោបូរៈទី៥នៃប្រាសាទព្រះវិហារដែលជានិមិត្តរូបប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់បុព្វបុរសខ្មែរយើងលើរង្វង់មូលស្រអែមដែលមានទាំងសួនកម្សាន្តនិងកន្លែងហាត់ប្រាណថែមទៀត។
គួររំលឹកថា៖រង្វង់មូលស្រអែមនេះបានធ្វើពិធីបែបសាសនាដោយក្រុងពាលីបញ្ចុះបឋមសិលាសាងសង់កាលពីរសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨ក្រោមវត្តមានលោកមាសសុភាទេសរដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ៕