ព្រះវិហារ: កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុករវៀង សហការណ៏ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមណីយ បានចុះអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់តុលាការខេត្តព្រះវិហារ ហើយបានរកឃើញមួយចំនួនទៀត។



លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង  បាននិយាយថា ការចុះអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៤៥គព្រ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដោយលោក ជៀន ស្រស់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បង្គាប់អោយចាប់ខ្លួនជនត្រូវចោទឈ្មោះ ផាន សង់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។


អធិការនគរបាលស្រុករវៀង បានបន្តថា ជនត្រូវចោទឈ្មោះ ផាន សង់ ត្រូវបានចោទពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រព្រឹត្តឡើងនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ។


លោកបានបន្តថា នៅពេលចាប់ខ្លួនបានរកឃើញគ្រឿងញៀនចំនួន៣កញ្ចប់(២កញ្ចប់ធំនិង១កញ្ចប់តូច)បន្ថែមទៀត។ជនត្រូវចោទនិងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះវិហារ ដើម្បីចាត់ការតាមផ្លូវច្បាប់៕