នាយកប្រតិបត្តិអង្គការសាអូរីបានបញ្ជាក់ថា៖ អង្គការសាអូរីរបស់លោកស្រីបានបង្កើតឡើងនិងចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ នៅថ្ងៃ០៩ ខែ០៩ ឆ្នាំ២០១៩ បន្ទាប់ពីលោកស្រីបានបញ្ចប់អាហារូបករណ៍រយះពេល១ឆ្នាំ រៀនពីបច្ចេកទេសតម្បាញដោយដៃ និងរៀនអំពីការរងារក្នុងភាពជាអ្នកដឹកនាំជនមានពិការភាព នៅក្នុងប្រទេសជប៉ុន ។
លោកស្រីបានបន្តថា៖ ការពិតមុនពេលបង្កើតអង្គការមួយនេះឡើងលោកស្រីមានសកម្មភាពជួយដល់ជនមានពិការភាពរយះពេល១០ឆ្នាំហើយដោតសារលោកស្រីក៍ជាជនមានពិការភាពគឺស្វិតជើងខាងឆ្វេងផងនោះ ។
នៅមុនពេលបានអាហារូបករណ៍ទៅប្រទេសជប៉ុនគឺលោកស្រីជានិសិត្សភាសាសអង់គ្លេសឆ្នាំទី២ ដែលបច្ចុប្បន្នលោកស្រីជាសាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យព្រះបាទសុរាម្រឹត និងបង្រៀនសាកលវិទ្យាល័យពុទ្ធកៈសិក្សា សីហនុរាជ ខេត្តកំពង់ឆ្នាំង នៅវត្តអារញ្ញ ក្រុងកំពង់ឆ្នាំង និងក្រៅម៉ោងធ្វើការត្រូវបង្ហាត់គួរភាសាអង់គ្លេសនៅផ្ទះ និងធ្វើការនៅក្នុងអង្គការសាអូរី ជានាយប្រតិបត្តិ ដោយសារតែការអាណិតអាសូរដល់ជនមានពិការភាព លោកស្រីបានចំណាយប្រាក់ខែរបស់លោកស្រីទាំងអស់ ដើម្បីជួយដល់កា រងារក្នុងអង្គការសាអូរីអោយដំណើរការឡើងជាង៩ខែមកហើយ ។
ទស្សនៈវិស័យនិងគោលបំណងរបស់អង្គការសាអូរី ១គឺចង់អោយជនមានពិការភាពមានឱកាសរៀនជំនាញតម្បា ញដោយដៃរបស់ពួកគេផ្ទាលើ ២.អោយជនមានពិការភាពមានការងារធ្វើសមរម្យ ៣.អោយជីវិតជនមានពិការភាពប្រសើរឡើង ដោយមិនចង់ឃើញជនមានពិការសម្ងំពួនតែក្នុងផ្ទះ១០ទៅ២០ឆ្នាំ ឬដើរសុំទានគេដើម្បីរស់នោះឡើយ ។
លោកស្រីនាយការបានអោយដឹងទៀតថាការបណ្តុះបណ្តាលតម្បាញដោយដៃនេះ គឺជាចំណែកមួយជួយអោយជនមានពិការភាពមានចលនាដៃជើងនិងស្មារតី ដូចជាការហាត់ប្រាណផងដែរ ចេះគិតគូរក្នុងពេលធ្វើចលនាតម្បាញដោយដៃរបស់ខ្លួនឯង និងមានឱកាសមកជួបជុំមិត្តភ័ក្តដែលមានពិការភាពដូចគ្នា មានបទពិសោធន៍រៀនសូត្រពីគ្នាទៅវិញទៅមក។
ក្នុងនោះជនមានពិការភាពដែលមកទទួលការបណ្តុះបណ្តាលសព្វថ្ងៃសរុបមានចំនួន១១នាក់និងបានមករៀនសូត្រជាប្រចាំចន្លោះពី៣នាក់ទៅ៥នាក់ ដោយសារការមករៀនចាំបាច់ត្រូវមានក្រុមគ្រួ សារជូនមកមិនអាចធ្វើដំណើរមកដោយខ្លួនឯងបានឡើយគឺខ្វះមធ្យោបាយជួយដឹកជញ្ជូនប្អូនៗដែលជាជនពិការ ។
ដោយឡែកកន្លែងរៀនសូត្រក្នុងអង្គការនៅមានការខ្វះខាតគ្មានកន្លែងជំរាលសំរាប់ជនមានពិការភាព បុគ្គលិកកុងត្រាក្នុងអង្គការមាន៣នាក់ បុគ្កលិកស្ម័គ្រចិត្តជាយុវជនមាន ៨នាក់ដែលកំពង់បំពេញការងារសព្វថ្ងៃ ។
លោកស្រីនាយិកាអង្គការសាអូរីក៍បាន ធ្វើការអំពាវនាវដល់អតិថិជន សប្បុរសជន មេត្តាជួយឧបត្ថម្ភជាថវិការឬសម្ភារៈ ឬជួយទិញផលិតផលក្រម៉ា ដែលជាស្នាដៃជនមានពិការភាពក្នុងអង្គការសាអូរី គឺពិតជាបានជួយរួមចំណែកទំនុកបំរុងអោយជនមានពិការភាពមានការងារធ្វើ និងមានជីវភាពប្រសើរឡើងផងដែរ ៕
ដោយ សុក្ខារិន