កំពង់ឆ្នាំង ៖
រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សៅសុភាព បានគូសបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សនូវធុនធានធម្មជាតិ ពិសសថ្នាក់ដឹកនាំ និងអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវតែចូលរួមជាមួយប្រជាពលរដ្ឋ ។
ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពេលដែល រដ្ឋលេខាធិការក្រសួងបរិស្ថានឯកឧុត្តម សៅសុភាព បានដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូ៧គ្រឿង នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ។
ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ឯកឧត្តម បានបន្ថែមថា ការគ្រប់គ្រងជីវ:ចម្រុះ នៅតំបន់ជុំវិញបឹងទន្លេសាប គឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ជាជម្រកសត្វព្រៃគ្រប់ប្រភេទ ការបង្កើតប្រព័ន្ធអេកូឡូស៊ី និងជាទីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចាំបាច់មានការការពារនិងអភិរក្សធនធានធម្មជាតិសម្រាប់កូនចៅតជំនាន់ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្រ្តីថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ ពិសេសមន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្ស ចំពោះការខិតខំក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ និងការស់នៅដោយចីរភាព នៅក្នុងខេត្តកំពង់ឆ្នាំង ដោយឈរលើមូលដ្ឋាននិងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា ។ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ការប្រគល់សម្ភារៈមធ្យោបាយធ្វើដំណើរ ម៉ូតូចំនួន៧គ្រឿង របស់ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នាថ្ងៃនេះ បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស ក្នុងការបំពេញការងារកន្លងមក និងបន្តធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលជាគោលបំណងចំបងរបស់គម្រោងផងដែរ។
នៅក្នុងពិធីនេះផងដែរប្រធានមន្ទីបរិស្ថានខេត្តកំពង់ឆ្នាំងលោក យ៉ង់ភិរម្យបានរាយការណ៍ស្តីពីវឌ្ឍនភាពការងារបរិស្ថានក្នុងខេត្តកំពង់ឆ្នាំងរួចមក អភិបាលរងខេត្តកំពង់ឆ្នាំង លោកជំទាវប៊នសុភី បានគាំទ្រនូវគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» និងបានលើកឡើងពីការចូលរួមសកម្មភាពមេត្រីបរិស្ថានអោយបានកាន់តែល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរសនៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ ។ នៅបញ្ចប់ពិធីឯកឧត្តម សៅសុភាពបានប្រគល់ម៉ូតូ៧គ្រឿងដល់គោលដៅតំបន់ការពារ និងតំបន់អភិរក្សផងដែរ៕