កាលពីចុងសប្តាហ៍កន្លងទៅនេះ មានគូស្នេហ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយគូ បានធ្វើពិធីរៀបការតាមរយៈអនឡាញ នៅក្នុងប្រទេសចិន។ ដោយមិនរំពឹងជាមួយនឹងពិធីមង្គលការធំដំ គូស្នេហ៍ជនជាតិចិនមួយគូនេះ ក៏បានសម្រេចចិត្តរៀបចំពិធីជាលក្ខណៈអនឡាយ ផ្សាយផ្ទាល់ដល់ក្រុមគ្រួសារ សាច់ញាតិ បងប្អូនតែម្តង។
កូនកំលោះក្រមុំបានគ្រងនូវឈុតរៀបការតាមប្រពៃណី ដោយបានផ្លាស់ប្តូរសម្បថក្នុងពិធីរយៈពេល ២ ម៉ោង ដែលចូលរួមដោយអ្នករៀបចំកម្មវិធី និងកាមេរ៉ាថត។ ក្នុងពេលផ្សាយផ្ទាល់នោះ មានអ្នកចូលទស្សនាប្រមាណ ៥០ ម៉ឺននាក់ឯណោះ។ អាចនឹងការសោកស្តាយតិចតួច ពីព្រោះមានភាពខុសគ្នារវាងការបង្ហាញសារជូនពរ តាមអ៊ិនធរណេតនិងជូនពរផ្ទាល់មាត់។ ប៉ុន្តែតាមរយៈពិធីមង្គលការតាមអ៊ិនធរណេតនេះ យើងក៏អាចចែករំលែកសុភមង្គលរបស់យើងជាមួយមនុស្សជាច្រើនដែលយើងពុំបានស្គាល់ក្នុងពេលព្រមគ្នា ដែលខ្ញុំគិតថាពិតជាមានអត្ថន័យណាស់។ នេះជាសម្តីដែលបានពោលដោយកូនក្រមុំ Zhang Yitong។
គួរបញ្ជាក់ថា គូស្នេហ៍ជនជាតិចិនមួយគូនេះ តាមពិតមានគម្រោងរៀបមង្គលការតាមប្រពៃណីនៅក្នុងអំឡុងខែតុលា ឆ្នាំ២០២០ ខាងមុខ ប៉ុន្តែដោយសារមានការឆ្លងរាតត្បាតគួរឱ្យព្រួយបារម្ភនៃជំងឺកូវីដ១៩ ទើបធ្វើឱ្យគម្រោងពិធីត្រូវបានផ្លាស់ប្តូរមកជាអនឡាញវិញ។