ភ្នំពេញ: បុរសម្នាក់បើកម៉ូតូកង់បីមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវយុវជនម្នាក់ជិះម៉ូតូលឿនបុកចំពាក់កណ្ដាលក្រឡាប់ផ្ងាជើងម្ខាងម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់ខាងភាគីម៉ូតូរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង ៣០ នាទីពីថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ ២០២ ជាប់នឹងរបងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីមួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IF-7313 ធ្វើដំណើរតាមបណ្តោយផ្លូវ ២០២ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ចាម 1T-7426 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើងចំពាក់កណ្ដាលម៉ូតូកង់បីពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាងនិងរងរបួសម្ចាស់ម៉ូតូកង់បីធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកខាងភាគីម៉ូតូរងរបួសស្រាលត្រូវបានសាច់ញាតិមកយកដាក់តាមម៉ូតូ ២គ្រឿងបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូកង់បីនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕