ឯកឧត្តមបញ្ជាក់ហើយបញ្ជាក់ទៀតថា ការចុះឈ្មោះចូលហ្វឹកហាត់មិនមានការគិតប្រាក់កម្រៃអ្វីឡើយ ហើយសហព័ន្ធមានគ្រូបង្ហាត់ល្អៗដែលពោរពេញទៅដោយបទពិសោធន៍ជួយបណ្តុះបណ្តាលទៀតផង។ គោលបំណងរបស់សហព័ន្ធគឺចង់បានធនធានកីឡាករជម្រើសជាតិឲ្យបានច្រើនដើម្បីចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ពិសេសនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានរំលឹកពីភាពរីកចម្រើននៃវិស័យកីឡាហែលទឹកនៅប្រទេសកម្ពុជាកាលពីជំនាន់សង្គមរាស្ត្រនិយមរហូតមានកីឡាករហែលទឹកកម្ពុជាខ្លះដណ្តើមបានមេដាយជាច្រើនជូនជាតិទៀតផង។ ដូច្នេះឯកឧត្តមប្រធានចង់ឃើញភាពរីកចម្រើនដូចគ្នាកើតឡើងក្នុងសម័យទំនើបនេះផងដែរ។