ខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២០ នៅសាលាឃុំម្រាម ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ១៤ គ្រួសារ ជនពិការ ២ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ និងគ្រួសារ មានជីវភាពខ្វះខាត ១២ គ្រួសារ ) សរុបចំនួន ២៩ គ្រួសារ មកពីឃុំម្រាម ស្រុករមាសហែក ដែលពិធីនេះបានការអញ្ជើញចូលរួមពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងមានការនិមន្តចូលរួមពី ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន អនុប្រធានកិត្តិយសសាខា និងជាព្រះគ្រូចៅអធិការវត្ត នន្ទមុនី ព្រមទាំងលោកជំទាវជាសមាជិកគណៈកម្មាធិការសាខា ។
នាឱកាសនោះ ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿ បានមានសង្ឃដេការសាកសួរសុខទុក្ខ និងការផ្តាំផ្ញើក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "។
ព្រះតេជគុណ ក៍បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ព្រោះថាប្រទេសកម្ពុជាយើងទើបតែរកឃើញករណីឆ្លងថ្មីពីរករណីបន្ថែមទៀតដែលសរុបអ្នកកើតជំងឺកូវីដ ១៩ កើនដល់ ១២៤ នាក់ ជាសះស្បើយ ១២២ នាក់ ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ២៩ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង សាប៊ូ ២ ដុំ ក្រម៉ា ១ ម៉ាស់ ១ ថវិកា ៤០,០០០ រៀល ក្នុងឱកាសនោះដែរព្រះតេជគុណបានឧបត្ថម្ភបន្ថែមដល់បងប្អូនទាំង ២៩ គ្រួសារ ក្នុង ១ គ្រួសារថវិកា ១០,០០០ រៀល ៕