កីឡាការិនីកូនខ្មែរសញ្ជាតិ ជេសា ខាន់ ដែលតែងតែផ្តល់ក្តីសង្ឃឹមធំជូនប្រទេសកម្ពុជាក្នុងពេលដែលនាងចេញទៅប្រកួតតំណាងឲ្យជាតិម្តងៗនោះមិនគ្រាន់តែចេះប្រយុទ្ធក្នុងប្រភេទកីឡាជឺជីតស៊ូតែមួយមុខទេ ប៉ុន្តែនាងអាចលេងបានរហូតដល់ទៅ៧ប្រភេទកីឡាផ្សេងទៀតឯណោះ។ ក្នុងកិច្ចសម្ភាសន៍មួយជាមួយគេហទំព័រ BJJHeroes ដែលជាបណ្តាញផ្សព្វផ្សាយព័ត៌មានស្តីពីកីឡាជឺជីតស៊ូដ៏ធំមួយ ជេសា ខាន់ បានប្រាប់ថា នាងធ្លាប់ហាត់កីឡាច្រើនជាប្រភេទ។ ក្នុងនោះរួមមាន របាំបាឡេ, Tee Ball, ការ៉ាតតេ, បាល់ទាត់, ជឺជីតស៊ូ, ចំបាប់ និងយ៉ូដូ។


នាងបានប្រាប់ទៀតថា នាងចូលចិត្តលេងបាល់ទាត់ណាស់ ហើយបច្ចេកទេសលេងក៏មិនអន់ដែរ ព្រោះនាងលេងវាបានពីរបីឆ្នាំដែរ។ ក្រោយមកទៀតនាងចូលហាត់ចំបាប់ដែលមានក្បាច់ស្រដៀងនឹងជឺជីតស៊ូដែរ។ នាងធ្លាប់ចូលរួមប្រកួតចំបាប់តំណាងឲ្្យក្លិបនាង ហើយថែមទាំងធ្លាប់ប្រកួតនៅសាលាកាលនៅរៀនកម្រិតអនុវិទ្យាល័យដោយពេលនោះនាងបានឈ្នះជ័យលាភីលេខ១ផងដែរ។ យ៉ាងណាមិញ ពេលក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ ទាក់ទងសួរលោក Peter Khan ឪពុករបស់នាង លោកបានប្រាប់ថា វាជាការពិតដែលថាកូនស្រីលោកចេះច្រើនប្រភេទកីឡា ព្រោះនាងកើតមកមាននិស្ស័យជាមួយកីឡា និងសុំលោកចូលហាត់តាំងពីតូច។ ប៉ុន្តែគួរឲ្យសោកស្តាយដែលនាងគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការចាប់យកកីឡាទាំងអស់នោះ។


ម្យ៉ាងដោយសារគ្រួសាររបស់លោកបានផ្លាស់ទីលំនៅពីរដ្ឋមួយទៅរដ្ឋមួយតាំងពី ជេសា នៅក្មេងម្ល៉េះ ជាហេតុធ្វើឲ្យនាងមិនអាចបន្តការហ្វឹកហាត់ជាប់លាប់ជាមួយក្លិបដើមរបស់នាង។ នៅទីបំផុត ជេសា សម្រេចជ្រើសយកកីឡាជឺជីតស៊ូជាអាជីព ហើយដាក់ចិត្តប្រឹងប្រែងហ្វឹកហាត់ និងកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងវិស័យកីឡាជឺជីតស៊ូនេះតែម្តង។ ថ្មីៗនេះក៏មានដំណឹងថា មានប្រទេស៣ដែលចង់បានកូនស្រីលោកទៅប្រកួូតតំណាងឲ្យពួកគេ ប៉ុន្តែសម្រាប់លោកនៅតែចង់ឲ្យ ជេសា ប្រកួតតំណាងឲ្យកម្ពុជា ព្រោះលោកថានាងមានឈាមជ័យជាកូនខ្មែរ ហើយសូម្បីតែនាងខ្លួនឯងក៏ស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនខ្មែរយើងផងដែរ។