ខេត្តស្វាយរៀង៖ ម្ចាស់រថយន្តធំ-តូចជាច្រើនគ្រឿងបាននាំគ្នាសម្រុកយករថយន្តរបស់ខ្លួនមកធ្វើការត្រួតពិនិត្យលក្ខណបច្ចេកទេស (ឆៀក) ខណៈដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹងស្ដីពីកាលបរិច្ឆេទត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ដោយប្រើប្រាស់ ម៉ាស៊ីនត្រួតពិនិត្យចល័ត នឹងចាប់ដំណើរការត្រួតពិនិត្យ នៅលើផ្លូវក្រុងលេខ១១៩ (រង្វង់មូលនាគបាញ់ទឹក មាត់ទន្លេ) ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី០៤ ខែឧសភា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។



បើតាមមន្ត្រីមន្ទីរសាធារណ និងដឹកជញ្ជូនខេត្តស្វាយរៀងបានឲ្យដឹងថា៖ ការចុះត្រួតពិនិត្យបច្ចេកទេសរថយន្ត(ឆៀក)នេះ គឺចាប់ធ្វើការពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ ហើយយើងសង្ខេតឃើញមានរថយន្តតូច ធំ ជាច្រើនគ្រឿងត្រូវបានម្ចាស់យកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ចល័តយានយន្តមណ្ឌល ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) រាប់រយគ្រឿងទាំងរថយន្តតូច-ធំ ក្រៅពីប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ស្វាយរៀង ខេត្តព្រៃវែងក៏បានយកមកធ្វើឆៀកផងដែរ។


បើតាមប្រជាពលរដ្ឋមកធ្វើឆៀករថយន្តបានឲ្យដឹងថា ចាប់ពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ មានបងប្អូនប្រជាពលរដ្ឋដែលមានរថយន្ត បាននាំយករថយន្តមកត្រួតពិនិត្យ លក្ខណៈបច្ចេកទេស (ឆៀក) យ៉ាងច្រើនកុះករតាមបណ្ដោយផ្លូវលេខ ១១៩ មានការកកស្ទះទាំងស្រុងតែម្ដង។ មានថយន្ត តូច ធំ ជាច្រើនគ្រឿងក្នុងមួយថ្ងៃបានចូលមក ត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត នៅគោលដៅដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានកំណត់ខណៈការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក ត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ កនលងមកនេះ។



យោងតាមអនុក្រឹត្យលេខ៣៩ អនក្រ. បក ត្រង់ជំពូកទី៣ មាត្រា៧ថ្មី ចំណុចទី៤ បានបញ្ជាក់ថា ត្រូវពិន័យអ្នកបើកបររថយន្តធុន ស្រាល ទឹកប្រាក់ចំនួន ១៨០, ០០០រៀល និងអ្នកបើកបររថយន្តធ្ងន់ធ្ងរទឹកប្រាក់ចំនួន ៣៧៥,០០០រៀល ចំពោះអំពើល្មើសបើកបរដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយាន ឬប្រើ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេស ហួសសុពលភាព។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ៕