ខេត្តពោធិ៍សាត់៖ គិតត្រឹមព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការធ្វើការពិនិត្យ និងស្រាវជ្រាវអស់ជាច្រើនម៉ោងមកហើយ ព្រោះរយៈពេលពីថ្ងៃពីយប់ទៅហើយ ចម្លើយហាក់បីដូចជានៅលាក់លៀមដដែល ជុំវិញករណីឃាតកម្មសម្លាប់ក្មេងស្រីអាយុ ៧ឆ្នាំ ហើយត្រូវបានឃាត.កដៃដល់យកសពទៅបោះចោលក្នុងគម្ពោធព្រៃទាំងអាត្រាតកាយ នៅខាងលិចភូមិចម្ងាយប្រមាណ ១០០ម៉ែត្រ ដែលគេសង្ស័យបឋមរំលោភសម្លាប់ ។



គួររំលឹកថា កាលពីល្ងាចថ្ងៃប្រទះឃើញសព ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំ និងបញ្ជាផ្ទាល់លើស្ថាប័នសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងករណីឃាតកម្មលើកុមារីរហូតឈានដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា ១នាក់ ដើម្បីយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ដែលគេសង្ស័យអាចជាករណីវាយសម្លាប់ប្លន់យកខ្សែ.កផ្លាទីន និងក្រវុិលផងនោះ ។ នេះបើយោងតាមការបញ្ជាក់ខ្លះៗពីលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរាំងទិល នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ កាលពីម្សិលមិញ តាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃដដែលនោះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្រៅរដ្ឋាភិបាលបានបន្តកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវ ធ្វើកោសល្យវិច័យបន្ថែម លុះនៅថ្ងៃទី៨ ខែឆ្នាំដដែលនេះ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ នៅតែបន្តដេកយាម និងបន្តសហការចុះពិនិត្យ និងស្រាវជ្រាវបន្ថែម ដូច្នេះរងចាំតាមដានលទ្ធផលបន្តទាំងអស់គ្នា តើរឿងវាទៅជាយ៉ាងណា ។



គួររំលឹកបន្តផងដែរ! កាលពីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ក្រោយពីប្រជាពលរដ្ឋទៅបត់ជើងនៅខាងក្រោយភូមិចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានប្រទះឃើញសពកុមារីម្នាក់ត្រូវបានគេចងដៃព័ទ្ធមកក្រោយ ជើងក៏ជាប់ចំណង ចំណែកក្បាលត្រូវគេច្រកចូលក្នុងការុងយ៉ាងឃៅរឃៅព្រៃផ្សៃជាទីបំផុត ។



កុមារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រ៉ង ស្រីពេជ្រ អាយុ ៧ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារម្ដាយជាស្រ្តីមេម៉ាយឈ្មោះ ចាប់ រ៉ាឌីន អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ឪពុក(ស្លាប់) បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ៕