ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានណែនាំអោយអភិបាលស្រុកក្រុងទាំង៨ឱ្យយកចិត្តទុកដាក់ បន្ថែមទៀត ដោយតម្រូវអោយចុះទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ពិសេសការណែនាំដល់ចៅសង្កាត់ និងមេឃុំបន្តឱ្យផ្សព្វផ្សាយពីវិធីការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ដល់ប្រជា ពលរដ្ឋ និងសហគមន៍ ពោលគឺបើឃើញថាកន្លែងណា ឬតំបន់ណាមួយមានការប្រមូលផ្ដុំខុសពីអ្វីដែលជាការណែនាំរបស់ក្រសួងសុខាភិបាលត្រូវតែធ្វើការពន្យល់ និងណែនាំឱ្យពួកគាត់បានយល់ពីអ្វីដែលជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវជម្ងឺកូរ៉ូណាហៅកូវីដ-១៩ នេះ។
អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន បានបន្តថា អាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងឲ្យបាននូវពលករមកពីប្រទេសថៃ និងមកពីបណ្តាប្រទេសផ្សេងៗទៀត មករស់នៅក្នុងមូលដ្ឋានរបស់យើង ដោយត្រូវធ្វើរបាយការណ៍ជាក់លាក់ មករដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល ដើម្បីដាក់ឲ្យពួកគាត់នៅដាច់ដោយឡែកពីគេឯងក្នុងរយៈពេល ១៤ថ្ងៃ ។
ការអនុវត្តបែបនេះ មិនត្រឹមតែជួយពួកគាត់នោះទេ តែយើងអាចជួយគ្រួសារគាត់ និងសហគមន៍រស់នៅរបស់ពួកគាត់ ឲ្យជៀសផុតពីជំងឺកូវីដ១៩នេះផងដែរ ។
អភិបាលខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់ផងដែរថា ក្នុងស្ថាន ភាពបែបនេះរហូតតទៅថ្ងៃមុខ បើមិនមានអ្វីប្រែប្រួលទេ នោះប្រទេសកម្ពុជាយើង គឺអាចរួចចាកផុតពីជម្ងឺកូវីដ-១៩នេះហើយ ពេល នោះសេដ្ឋកិច្ចនិងអ្វីៗគ្រប់យ៉ាងវានឹងល្អប្រសើរជាធម្មតាឡើងវិញ ។
កិច្ចការចំពោះមុចយើងនេះត្រូវតែរួមគ្នាដើម្បីអនុវត្តការងារនេះឲ្យបានជោគជ័យបន្ថែមទៀតកុំមានការធ្វេសប្រហែសឲ្យសោះ ខណៈដែលយើងកុំពង់ទទួលបានជោគជ័យជំហានទី១ហើយនោះ ។
ចំណែកបងប្អូនពលករមកពីក្រៅប្រទេស ពិសេសប្រទេសថៃបើមានបញ្ហាខ្វះខាតត្រូវជួយដោះស្រាយគាត់ បើដោះស្រាយមិនបានរាយការណ៍បន្ទាន់មករដ្ឋបាលខេត្តភ្លាម ។
ពាក់ព័ន្ធនឹងម៉ាស់ និងទឹកលាងដៃ អភិបាលខេត្តសូមឱ្យអាជ្ញាធរមូលដ្ឋានពន្យល់ឱ្យអ្នកសង្ស័យមានជំងឺក៏ដូចពលរដ្ឋទូទៅដែរ ដើម្បីជៀសផុតពីជំងឺឆ្លង ត្រូវនាំគ្នាពាក់ម៉ាស់ក្នុងករណីចាំបាច់ និងលាងដៃជាប្រចាំជៀស វាងឆ្លងទៅអ្នកដ៏ទៃនិងក្រុមគ្រួសារ។
ប្រធានមន្ឋីសុខាភិបាលខេត្តក្នំកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានបញ្ជាក់ថាក្នុងប្រតិបត្តិការបង្ការទប់ស្កាត់ជម្ងឺកូវីដ- ១៩ កន្លងមកនេះ គឺពិតជាបង្ហាញឲ្យឃើញពីការខិតខំប្រឹង ប្រែងរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថ កិច្ចទាំងអស់ ដែលបានរួមគ្នាទប់ស្កាត់នូវជំងឺរាតត្បាតដ៏សាហាវនេះបានយ៉ាងផុល ផុស។
ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងក៏បានធ្វើការណែនាំឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចទាំងអស់កុំភ្លេចខ្លួន ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនៃជំងឺនេះ ដោយត្រូវចុះណែនាំប្រជាពលរដ្ឋនៅតាមសហកមន៍ ឲ្យចេះការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាពិបាល មិនត្រូវធ្វេសប្រហែសឡើយ ទោះបីជាប្រទេសយើងឆ្លងផុតរលកកំណាចទី១នេះក៏ដោយ ៕
ដោយ សុក្ខារិន