ព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការរងនាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ខាងកម្ពុជា។លោកវរសេនីយ៍ឯក ប៊ុន តឺមមេបញ្ជាការរងប្រចាំទិសទី១ប្រាសាទព្រះវិហារនិងជាប្រធានទំនាក់ទំនងថៃ-កម្ពជា។ភាគីទាំងពីរបានឯកភាពគ្នាលើសំណើរចំពោះការដើរល្បាតរួមគ្នាជាក្រុមដោយមិនចាំបាច់ប្រើប្រាស់អាវុធ ។
ការឯកភាពគ្នានេះធ្វើឡើងនៅក្នុងកិច្ចជំនួបទំនាក់ទំនងល្អរវាងកងទ័ពកម្ពុជា-ថៃជួរមុខតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រទិសបង្គោល៨។ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការនិងការទំនាក់ទំនងល្អបន្ថែមទៀតរវាងកងកម្លាំងឈរជើងជួរមុខកម្ពុជា-ថៃ។ដើម្បីរក្សាបានព្រំដែនសុខសន្តិភាពនិងការអភិវឌ្ឍព្រមទាំងការរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជននៃប្រទេសទាំងពីរឈរលើការណ៍ដោះស្រាយគ្នាដោយសន្តិវិធីដើម្បីបញ្ជៀសបានការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ។
ជាមួយគ្នានេះកងទ័ពកម្ពុជានិងកងទ័ពថៃក៏បានឯកភាពជួបគ្នាម្តងទៀតនៅថ្ងៃខាងមុខក្នុងសប្ដាហ៍នេះដើម្បីធ្វើដំណើរល្បាតរួមគ្នាលើកទី១ដោយកម្លាំងរួមគ្នាជាក្រុមចាប់ពីចំនួន៥នាក់រហូតដល់ទៅ១២នាក់ដោយមិនចាំបាច់ប្រើប្រាស់អាវុធ។បន្ទាប់ពីកិច្ចជំនួបពិភាក្សាបានបញ្ចប់ថ្នាក់ដឹកនាំអង្គភាពទាំងពីរក៏បានប្រគល់នូវប្រភេទកូនឈើហូបផ្លែនិងផ្លែឈើសម្រាប់ហូបដល់គ្នាទៅវិញទៅមក។
បន្ថែមពីនោះកងទ័ពថៃក៏បានសន្យាផ្តល់ពូជកូនត្រីចំរុះចំនួន១ម៉ឺនកូននិងពូជកូនឈើក្រញូងចំនួន១.៥០០ដើមដល់អង្គភាពទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨នៅដើមខែកក្កដាឆ្នាំ២០២០ខាងមុខ។នេះសរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងប្រដាប់អាវុធជួរមុខនៃប្រទេសទាំងពីរកម្ពុជា-ថៃ៕