ខេត្តកំពង់ស្ពឺ៖បុរសម្នាក់គេស្គាល់ច្បាស់ថាជាតៃកុងរថយន្តដឹកឥវ៉ាន់ បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលរថយន្តស៊េរីទំនើបម៉ាកCHARALET(ឆារ៉ូឡិច)បើកលឿនពេកបែកកង់ទៅបុករថយន្ត១គ្រឿងទៀតចតស្ងៀម ចំពីមុខយ៉ាងពេញទំហឹងបណ្តាលអោយតៃកុងរថយន្តរងរបួសធ្ងន់ធ្ងរកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០នៅលើផ្លូវលំ ចំណុចភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមការអោយដឹងពីនគរបាលជំនាញថានៅមុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាក CHARALET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-3510 បើកបរ ដោយឈ្មោះ ពិន សុភ័ក្រ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើតាមបណ្តោយផ្លូវលំក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច លុះដល់ចំណុចកើតហេតុខាងលើក៏បានផ្ទុះកង់រួចហើយបានរេចង្កូតមកខាងឆ្វេងដៃបណ្ដាលឲ្យបុក រថយន្តម៉ាក HYUNDAI PORTER ពណ៌ស ស៊េរីឆ្នាំ ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AT-4872 ខណ:ដែលកំពុងតែចតនៅខាងស្ដាំលើចិញ្ចើមផ្លូវ អ្នកបើកបររថយន្តឈ្មោះ ប៉ោ មិនា ភេទប្រុស អាយុ ២៥ឆ្នាំ(រងរបួសជើងធ្ងន់ធ្ងរនៅលើរថយន្តកំពុងតែចតនោះ) រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។(ំបណ្តាលអោយរងការខូចខាតខ្ទេចផ្នែកខាងមុខខ្លាងទាំងពីរគ្រឿងតែម្តង)។
ក្រោយកើតហេតុអ្នកបើកបររថយន្តម៉ាក HYUNDAI PORTER (ជនរងគ្រោះខាង)បានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដើម្បីសង្គ្រោះ។តាមការអោយដឹងពីប្រជាពលរដ្ឋថានៅមុនពេលកើតហេតុគេបានឃើញរថយន្តCHARALETខាងលើនេះបើកបរក្នុងល្បឿនលឿនពេក ហើយទំនងបែបងងុយឬស្រវឹងស្រាផងមិនដឹង បានជាជ្រុលទៅបុករថយន្តដែលគេចតស្ងៀម អែបផ្លូវខាងស្តាំដៃរបស់គេទៅហើយនោះ។ហើយរថយន្តខាងលើនេះ ឃើញតែបើកបរទាំងយប់ទាំងថ្ងៃ មិនដឹងថាម្ចាស់រថយន្តជាសមត្ថកិច្ចឬជាអ្នករកស៊ីអ្វីនោះទេ។
ចំណែកវត្ថុតាង (រថយន្តទាំងពីរគ្រឿង) កំពុងស្ថិតនៅកន្លែងកើតហេតុរង់ចាំការសម្របសម្រួលទាំងពីរភាគី និងរង់ចាំរថយន្តស្ទូចយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកឱរ៉ាល់ធ្វើការដោះស្រាយនៅពេលក្រោយ៕